កីឡា៖ ក្រុមអត្តពលិកមានពិការភាព ក្នុងប្រភេទកីឡាហែលទឹក បច្ចុប្បន្នកំពុងសម្រុកហ្វឹកហាត់ជាខ្លាំង ដើម្បីដណ្ដើមយកមេដាយមាស ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមខាងមុខ។ ជាក់ស្ដែងការហ្វឹកហាត់ធ្វើឡើងចាប់ពីថ្ងៃចន្ទដល់ព្រឹកថ្ងៃសៅរ៍ ដោយមួយថ្ងៃៗពួកគេត្រូវហាត់ហែលមិនក្រោម ៦០០០ម៉ែត្រក្នុងមួយថ្ងៃនោះទេ។យុវជនពីររូបដែលជាអត្តពលិកធ្លាប់ទទួលបានមេដាយមាស មេដាយប្រាក់ និងសំរឹទ្ធក្នុងការចេញទៅប្រកួតក្រៅប្រទេសបានបង្ហាញនូវជំនឿចិត្ត និងការប្ដេជ្ញាខ្ពស់ក្នុងការដណ្ដើមមេដាយជូនជាតិ។ ពាក់ព័ន្ធនឹងកីឡាហែលទឹកជនមានពិការភាពនេះ កញ្ញា ហែមថុន វិទិនី ជាគ្រូបង្វឹកបានកត់សម្គាល់ និងជឿជាក់លើសមត្ថភាពរបស់អត្តពលិកកម្ពុជាផងដែរ។ កញ្ញាបញ្ជាក់ថា បច្ចុប្បន្នអត្តពលិកទាំងអស់ខំប្រឹងហ្វឹកហាត់ជាខ្លាំង និងមានពេលវេលាច្រើនក្នុងការហ្វឹកហាត់ បើធៀបនឹងការចេញទៅប្រកួតអាស៊ានប៉ារ៉ាហ្គេមឆ្នាំមុន។ កញ្ញាបន្តថា ការហ្វឹកហាត់ឆ្នាំមុនរបស់អត្តពលិកកម្ពុជាគឺមានពេលខ្លីប៉ុណ្ណោះ តែនៅអាចដណ្ដើមបានមេដាយ។កីឡាហែលទឹកជនពិការជាប្រភេទកីឡាដែលមានសក្ដានុពលមួយសម្រាប់កម្ពុជា។ កន្លងមកកីឡាហែលទឹកជនពិការតែងទទួលបានមេដាយត្រឡប់មកវិញជូនជាតិ។ នេះជាការបញ្ជាក់របស់ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា។ ឯកឧត្តមដាក់ក្ដីសង្ឃឹមខ្ពស់ និងទស្សទាយថា អត្តពលិកមានពិការភាពកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនេះ នឹងអាចដណ្ដើមបានមេដាយយ៉ាងហោចណាស់ក៏ ៥៦គ្រឿងដែរ៕