ទ្រីយ៉ាថ្លុង៖ គ្រូបង្វឹកកីឡាករទ្រីយ៉ាថ្លុងជម្រើសជាតិកម្ពុជាបញ្ជាក់ថា កម្ពុជាមានកីឡាករ-កីឡាការិនីទ្រីយ៉ាថ្លុង ១៦រូបកំពុងធ្វើការហ្វឹកហាត់យ៉ាងខ្លាំង ដើម្បីចូលរួមក្នុងការប្រកួតកីឡាស៊ីហ្គេមខាងមុខនេះ។ តាមសន្ទុះនៃការហ្វឹកហាត់ និងការតាំងចិត្តខិតខំរបស់កីឡាករ កម្ពុជារំពឹងថានឹងអាចទទួលបានមេដាយមាសយ៉ាងហោច ១គ្រឿងដែរ ខណៈដែលក្រុមកីឡាករថា នឹងបង្កើនការហ្វឹកហាត់ឲ្យកាន់តែខ្លាំងឡើងៗ។
លោកស្រី សូ រ៉ាន់ដេត គ្រូបង្វឹកក្រុមកីឡាករទ្រីយ៉ាថ្លុងជម្រើសជាតិកម្ពុជា ដែលកំពុងហ្វឹកហាត់សិស្សនៅខេត្តកែបបានប្រាប់ឲ្យដឹងថា កម្ពុជាមានកីឡាករសរុប ១៦រូបដែលកំពុងធ្វើការហ្វឹកហាត់ ដើម្បីត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ហើយកីឡាទ្រីយ៉ាថ្លុងដែលខេត្តកែបធ្វើជាម្ចាស់ផ្ទះនេះមានវិញ្ញាសាសរុប ៧វិញ្ញាសា។ ក្រុមកីឡាករជម្រើសជាតិកម្ពុជាសុទ្ធសឹងតែជាកីឡាករ និងកីឡាការិនីមានបទពិសោធន៍ និងមានប្រវត្តិការប្រកួតល្អទាំងនៅក្នុង និងក្រៅប្រទេសនោះប្រាប់ឲ្យដឹងថា នៅក្នុងការប្រកួតស៊ីហ្គេមខាងមុខនេះ ពួកគេបាននឹងកំពុងបង្កើនការហ្វឹកហាត់យ៉ាងខ្លាំង ក្នុងបំណងដណ្តើមយកមេដាយជូនជាតិឲ្យបាន។តាមការបញ្ជាក់របស់កីឡាករ ខេត្តកែបពិតជាអំណោយផលល្អក្នុងការជួយបង្កើនសមត្ថភាព និងថាមពលដល់កីឡាករ កែបមានឆ្នេរ មានភ្នំ មានផ្លូវល្អសម្រាប់ការហ្វឹកហាត់ងាយស្រួលបរិយាកាសល្អ។
ប៉ុន្តែយ៉ាងណាក៏ដោយក្រុមកីឡាករស្នើសុំឲ្យមានការចូលរួមពីប្រជាពលរដ្ឋ ជាពិសេសពេលឃើញក្រុមកីឡាករហ្វឹកហាត់ជិះកង់ សូមជួយចៀស និងមើលសត្វចិញ្ចឹមផ្សេងៗពិសេសឆ្កែកុំឲ្យរត់កាត់ផ្លូវ ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់កីឡាករ៕