ព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាខាកាកបាទក្រហមខេត្តប៉ៃលិន បានបើកកិច្ចប្រជុំពិគ្រោះយោបល់ស្ដីពីការប៉ាន់ប្រមាណសមត្ថភាព BOCA ជុំទី២ របស់សាខាកាកបាទក្រហមខេត្តប៉ៃលិន ក្រោមអធិបតីភាព ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត ប្រធាននាយកដ្នានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា និង ឯកឧត្តម សៅ សារ៉ាត់ អនុប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន និងជាអ្នកតំណាងរាស្ត្រខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវប្រតិភូអមដមណើរ នាយកប្រតិបត្តិសាខា និងសមាជិកសមាជិកការសាខាកាកបាទក្រហមកម្ពុជាជាច្រើននាក់ផងដែរ។
ឯកឧត្តម សៅ សារ៉ាត់ អនុប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានមានប្រសាសន៍ថា៖ ក្នុងកិច្ចប្រជុំធ្វើការប៉ាន់ ប្រមាណនូវសមត្ថភាព BOCA ជុំទី ២ នាពេលនេះ ក្នុងគោលបំណងលើកកម្ពស់គុណភាព នៃការអនុវត្តការងារឲ្យមានប្រសិទ្ធភាព តាមលក្ខណៈវិនិច្ឆ័យឱ្យសាខាមានដំណើរការល្អ និងស្របតាមទិសដៅ វិមជ្ឈការនិងវិសហមជ្ឈការ ហើយពេលនេះសាខាកាកបាទក្រហមខេត្តប៉ៃលិន ក៏បានអភិវឌ្ឍន៍ខ្លួនឈានពីមួយជំហានទៅមួយជំហាន ដើម្បីអភិវឌ្ឍន៍ខ្លួនឲ្យស្របតាមទស្សនៈវិស័យជាស្ថាប័នមនុស្សធម៌ នាំមុខគេនៅកម្ពុជា និងក្លាយជាសាខាដែលមានភាពជាម្ចាស់ការខ្ពស់ តាមទិសដៅយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ប្រកបដោយប្រសិទ្ធភាពខ្ពស់។
ឯកឧត្តម សៅ សារ៉ាត់ បានបន្តថា៖ ជារៀងរាល់ឆ្នាំក្រុមប្រតិបត្តិសាខាកាកបាទក្រហមខេត្ត បានខិតខំកៀងគរមូលនិធិពីសប្បុរសជននានាដូចជាសម្ភារៈ គ្រឿងបរិភោគ និងថវិការ ដែលជាការចូលរួមចំណែកយ៉ាងសំខាន់លើវិស័យមនុស្សធម៌ ខ្មែរជួយ ខ្មែរ ហើយសម្ភារៈ គ្រឿងបរិភោគ និងថវិការទាំងអស់នេះក្រុមការងារប្រតិត្តិសាលាកាកបាទក្រហមខេត្ត តែងតែបាននាំយកជួយសង្រ្គោះចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះមហន្តរាយធម្មជាតិផ្សេងៗដូចជា ខ្យល់កន្ត្រាក់ ទឹកជំនន់ គ្រោះរាំងស្ងួត និង ភ្លើងឆេះផ្ទះ ដោយមិនទុកឱ្យពួកគាត់ស្លាប់ដោយអត់អាហារនោះឡើយ។
ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត ប្រធាននាយកដ្នានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ថា៖ ការអភិវឌ្ឍន៍ស្ថាប័នគឺជាវិស័យអាទិភាពទី ៤ នៃយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា តាមរយៈលក្ខណៈវិនិច្ឆ័យសាខាមានដំណើរការល្អ។ ឯកឧត្តមបន្តថា៖ ការប៉ាន់ប្រមាណសមត្ថភាពស្ថាប័នសាខា (បូកា) មានវត្ថុបំណង ៣ សំខាន់ៗ រួមមាន៖ ទី១.ស្វែងយល់ពីរសមត្ថភាព និងរបៀបបំពេញការងារនាពេលបច្ចុប្បន្នរបស់សាខា។ ទី២.ឈានទៅសម្រេចការឯកភាពរួមគ្នាលើអាទិភាពនានា សម្រាប់ជួយលើកកម្ពស់ការបំពេញការងាររបស់សាខាបន្ថែមទៀត និងទី៣.រៀបចំផែនការអភិវឌ្ឍន៍ សម្រាប់ពង្រឹង និងធានានិរន្តរភាពនៃសមត្ថភាពផ្ដល់សេវាកម្មរបស់សាខា និងភាពធន់មាំរបស់សហគមន៍។ ជាមួយគ្នានោះឯកឧត្តមក៏បានគូសបញ្ជាក់បន្ថែមថា៖ ការប៉ាន់ប្រមាណសមត្ថភាពស្ថាប័នសាខា មិនមែនជាការវាយតម្លៃឬការធ្វើតេស្ត ឬការចាប់កំហុសទេគឺ ជាការពិភាក្សាផ្លាស់ប្ដូរយោបល់ ឯកភាពរួមលើការកំណត់សូចនាករ ក្នុងសមត្ថភាពស្នូលទាំង៥ នៃបញ្ជីសំណួរស្ដីពីការប៉ាន់ប្រមាណសមត្ថភាពស្ថាប័នសាខា។ លទ្ធផលដែលសាខានិងទទួលបានពីការប្រមាណសមត្ថភាពសាខា ក្នុងរយៈពេលមួយថ្ងៃកន្លះនេះ គឺជាផែនទីចង្អុលផ្លូវដល់សាខាផ្ទាល់ក្នុងការពិនិត្យ វិភាគស្ថានភាពបច្ចុប្បន្នរបស់ខ្លួន ហើយកំណត់រួមគ្នានៅអាទិភាព និងជំហានៗត្រូវអនុវត្តបន្ត ដើម្បីឈានទៅសម្រេចឱ្យបាននូវសូចនាករនានាដែលមិនទាន់សម្រេចបាន សមតាមបំណងប្រាថ្នារបស់សាខា-អនុសាខា ហើយចក្ខុវិស័យដ៏ចម្បងមួយទៀតគឺធនធានមនុស្សក្នុងស្ថាប័នរឹងមាំ ឆន្ទះខ្ពស់ និងមានកំលាំងគ្រប់គ្រាន់ក្នុងការងារមនុស្សធម៌។ ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត បានជំរុញដល់សមាជិកសមាជិកាសាខាកាកបាទក្រហមកម្ពុជាខេត្តត្រូវបន្តធ្វើសកម្មភាពមនុស្សធម៌ និងសូមកោតសរសើរចំពោះកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិនដែលបានចុះធ្វើសកម្មភាពចុះជួយសង្រ្គោះបងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះផ្សេងៗបានទាន់ពេលវេលា៕ អត្ថបទ៖ លោក កុល កាយណា