ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្ដម SHEN Danyang អភិបាលរងខេត្តហាយណាន នៃសាធារណរដ្ឋប្រជាមានិតចិន។
គោលបំណងនៃជំនួបនៅពេលនេះ គឺដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការក្នុងការជំរុញការនាំចេញកសិផលមានដូចជា ដូង ចេកស្រស់ ម្សៅដំឡូងមី កៅស៊ូ និងម្រេច ពីកម្ពុជាទៅកាន់ប្រទេសចិន ជាពិសេសខេត្តហាយណាន។
ក្នុងជំនួបនេះ ឯកឧត្ដមរដ្ឋមន្ត្រី បានស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការផ្នែកកសិកម្ម រវាងខេត្តហាយណាន និងក្រសួងកសិកម្មកម្ពុជានាពេលកន្លងមក។ តាមរយៈជំនួបនេះ ឯកឧត្ដមរដ្ឋមន្ត្រីរំពឹងថា កិច្ចសហប្រតិបត្តិការនេះនឹងបន្តដំណើរទៅមុខយ៉ាងរលូន ហើយឈានទៅជំរុញកំណើនពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងចិន នៅក្នុងវិស័យកសិកម្ម។
ឯកឧត្ដមរដ្ឋមន្ត្រី បានជំរុញដល់គណៈប្រតិភូនៃខេត្តហាយណាន សិក្សាអំពីកសិផលដែលខ្លួនត្រូវការ ហើយក្រសួងកសិកម្មកម្ពុជា និងរូបឯកឧត្ដមផ្ទាល់ នឹងជួយសហការធ្វើយ៉ាងណាផលិតកសិផលទាំងនោះ ស្របទៅតាមស្តង់ដាកំណត់ សម្រាប់បម្រើដល់ការនាំចេញ។
ឯកឧត្ដមរដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា ផែនការជំនួញ(Business Plan)ជាក់លាក់ និងទីផ្សារពិតប្រាកដ គឺជាគន្លឹះជោគជ័យនៃកិច្ចសហប្រតិបត្តិការផ្នែកកសិកម្មរវាងកម្ពុជា និងចិន។ ឯកឧត្តមបន្ថែមថា ក្រសួងក សិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រៀមខ្លួនរួចជាស្រេចក្នុងការជួយទាំងបច្ចេកទេស និងនីតិវិធីផ្សេងៗ ដើម្បីសម្រួលដល់ដំណើរការរបស់គម្រោង ដើម្បីឱ្យកើតចេញជារូបរាងឡើង និងទទួលបានផលចំ ណេញសម្រាប់គ្រប់ភាគីទាំងអស់៕