(ភ្នំពេញ)៖ប្រធានក្រុមគណៈប្រតិភូសភាអាល្លឺម៉ង់ទទួលបន្ទុកអាស៊ាន បានសង្កេតឃើញថា ប្រទេសកម្ពុជា មានសេដ្ឋកិច្ចល្អ និងមានការអភិវឌ្ឍគ្រប់ទីកន្លែង ហើយជាពិសេសទៀតនោះ ប្រជាជនបានទទួលផ្លែផ្កានៃកំណើនសេដ្ឋកិច្ចគ្រប់ៗគ្នា។ការបង្ហាញការសង្កេតឃើញបែបនេះ គ្រាដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី ២២ ខែកុម្ភៈនេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសភាអាល្លឺម៉ង់ទទួលបន្ទុកអាស៊ាន ដឹកនាំដោយលោកស្រី Gabrielle KATZMAREK។
លោកស្រី Gabrielle KATZMAREK បានសម្ដែងការគោរពជូនសម្ដេចតេជោ ចំពោះជំហររបស់កម្ពុជានាពេលកន្លងមក ពាក់ព័ន្ធនឹងការឈ្លានពានរបស់ប្រទេសរុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន។ លោកស្រី បានជម្រាបជូនសម្ដេចតេជោថា លោកស្រី បានមកកាន់ប្រទេសកម្ពុជា កាលពីឆ្នាំ ២០០៩ ហើយមកដល់ពេលនេះលោកស្រី សង្កេតឃើញថា ប្រទេសកម្ពុជា មានការផ្លាស់ប្ដូរច្រើន។ក្នុងនោះ លោកស្រីថា កម្ពុជា មានសេដ្ឋកិច្ចល្អ និងមានការអភិវឌ្ឍគ្រប់ទីកន្លែង ហើយជាពិសេសទៀតនោះ ប្រជាជនបានទទួលផ្លែផ្កានៃកំណើនសេដ្ឋកិច្ចគ្រប់ៗគ្នា។
លោកស្រី Gabrielle KATZMAREK ក៏បានជម្រាបជូនសម្ដេចតេជោថា គោលដៅរបស់លោកស្រី មកកាន់ប្រទេសកម្ពុជានាពេលនេះ គឺដើម្បីស្វែងរកដៃគូកិច្ចសហប្រតិបត្តិការ ដែលអាចទុកចិត្តគ្នាបាន ព្រមទាំងជំរុញកិច្ចព្រមព្រៀងសេរីរវាងអឺរ៉ុប និងអាស៊ាន ជាពិសេសនៅពេលដែលពិភពលោក កំពុងជួបនឹងវិបត្តិ។ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានជម្រាបជូនលោកស្រី Gabrielle KATZMAREK ថា ចំពោះករណីប្រទេសរុស្ស៊ី ឈ្លានពានប្រទេសអ៊ុយក្រែន គឺប្រទេសកម្ពុជា មានគោលជំហរច្បាស់លាស់ នោះគឺរក្សាសណ្ដាប់ធ្នាប់ពិភពលោក ដោយផ្អែកលើច្បាប់។ក្នុងឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ជាមួយនឹងគោលដៅរបស់លោកស្រី Gabrielle KATZMAREK ហើយបានជម្រាបជូនលោកស្រីថា សហគមន៍អាស៊ាន ជាសហគមន៍មួយដែលអនុវត្តសេចក្ដីសម្រេចតាម កុងសង់ស៊ីស។
ក្នុងន័យនេះ ដើម្បីជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន និងអឺរ៉ុប ឲ្យទទួលបានជោគជ័យនោះ ត្រូវមើលសហគមន៍អាស៊ានទាំងមូល ដោយមិនត្រូវមើលប្រទេសនីមួយៗ នៅក្នុងសហគមន៍អាស៊ានដោយឡែកពីគ្នា នោះទេ៕