ភ្នំពេញ ៖ បុរសម្នាក់ បានបើករថយន្តមួយគ្រឿងម៉ាក MITSUBISHI TRITON ក្នុងល្បឿនលឿនក៏ជ្រុលរេចង្កូតបុកចូលផ្ទះពលរដ្ឋ បណ្តាលអោយបាក់សសរ និងស្លាកសញ្ញាមួយដើម ហើយរថយន្តត្រូវគៀបជាប់នៅទីនោះតែម្តង នៅវេលាម៉ោង៥ព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៧១ ក្បែរផ្សាប៉េសេថ្មី ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បើយោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនកើតហេតុគេបានឃើញរថយន្តម៉ាក MITSUBISHI TRITON មួយគ្រឿងពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BQ-8310 បើកបរដោយបុរសម្នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៣៧១ ក្នុងទិសដៅពីកើតទៅលិច និងក្នុងល្បឿនយ៉ាងលឿន ។ លុះទៅដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្តបានរេចង្កូតទៅខាងឆ្វេងដៃជ្រុលក៏បុកទម្លុះផ្ទះប្រជាពលរដ្ឋបណ្ដាលឱ្យខូចខាតសសរមួយដើមរួមទាំងស្លាកសញ្ញាមួយដើមទៀត ហើយរថយន្តត្រូវគៀបជាប់តែម្តង មិនអាចបន្តដំណើរទៅមុខទៀតបានឡើយ ។ ភ្លាមៗនោះដែរ បុរសជាអ្នកបើកបររថយន្ត បានបើកទ្វារគេចពីកន្លែងកើតហេតុបាត់ស្រមោលតែម្តង ។
ក្រោយការកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញ ចុះអន្តរាគមន៍ធ្វើការវាស់វែងស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំអោយភាគីម្ចាស់រថយន្តបង្កចូលខ្លួនទៅដោះស្រាយសំណងជាមួយផ្ទះដែលរងការខូចខាត នៅពេលក្រោយផងដែរ ៕