គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការ បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយ លោក គោស៊ុំ ប៊ុនសឿត អភិបាលស្តីទី និងមន្ត្រីពាក់ព័ន្ធ ដើម្បីស្វែងយល់ពីវឌ្ឍនៈភាព និងយន្តការដោះស្រាយទំនាស់ដីធ្លី ក៏ដូចជាវិវាទផ្សេងៗរបស់ខេត្តប៉ៃលិន នាព្រឹក ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តប៉ៃលិន។
លោក គោស៊ុំ ប៊ុនសឿត អភិបាលស្តីទី បានជម្រាបជូនគណៈប្រតិភូរដ្ឋសភា ពីវឌ្ឍនភាពការងារ និងយន្តការក្នុងការ ដោះស្រាយករណីទំនាស់ដីធ្លីនៅក្នុងខេត្តប៉ៃលិន ដោយរដ្ឋបាលខេត្តមានគណៈកម្មការដោះស្រាយវិវាទដីធ្លីថ្នាក់ខេត្ត ដែលមានសមាសសភាពពីមន្ទីរវិស័យ ជំនាញពាក់ព័ន្ធ ជាសមាជិក ការិយាល័យប្រជាពលរដ្ឋថ្នាក់ខេត្តធ្វើការសម្របសម្រួលដោះស្រាយនៅសាលាខេត្ត ចុះសម្របសម្រួលដោះស្រាយដល់ក្រុង ស្រុក ឃុំ-សង្កាត់ និងពិនិត្យស្ថានភាពទីតាំងទំនាស់ជាក់ស្តែង ព្រមទាំងធ្វើការតាមដានរាល់ ទំនាស់ដែលបានផ្ទេរជូនសមត្ថកិច្ចជំនាញបន្តដោះស្រាយប្រកបដោយប្រសិទ្ធភាព ស្របតាមនយោបាយឈ្នះៗរបស់សម្តេចតេជោ ហ៊ុន សែន ក្រោមដំបូលសុខសន្តិភាព។ ឯកឧត្តមអភិបាលស្តីទី បានបញ្ជាក់ថា៖ ករណីទំនាស់ដែលគណៈកម្មការដោះស្រាយវិវាទដីធ្លីថ្នាក់ខេត្ត បានធ្វើការសម្របសម្រួល ដោះស្រាយអស់លទ្ធភាពហើយនៅមិនអាចដោះស្រាយបាន រដ្ឋបាលខេត្តនឹងធ្វើការរៀបចំសំណុំឯកសារតាមនីតិវិធី គោរពជូនគណៈកម្មការថ្នាក់ជាតិ ពិនិត្យជួយដោះស្រាយបន្ត។ ជាមួយគ្នានេះរដ្ឋបាលខេត្តក៏បានលើកឡើងពីបញ្ហាប្រឈមមួយចំនួន និងបានស្នើសុំឲ្យ គណៈកម្មការជំនាញរដ្ឋសភាជួយធ្វើអន្តរាគមន៍ដោះស្រាយផងដែរ។ ហើយឯកឧត្តមអភិបាលរងខេត្តបានគូសបញ្ជាក់ផងដែរថា៖ សម្រាប់ឆ្នាំ ២០២២ កន្លងមកនេះ ក្រោមការដឹកនាំរបស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន រដ្ឋបាលខេត្ត បានទទួលពាក្យបណ្តឹងសរុប ៣៥ករណី បានដោះស្រាយរួចរាល់ចំនួន ២២ករណី ហើយនៅសល់ធ្វើការដោះស្រាយនៅឆ្នាំបន្ទាប់សរុបចំនួន ១៣ករណី ទៀតផង។
ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការ បានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះរដ្ឋបាលខេត្តប៉ៃលិន ដែលបានយកចិត្តទុកដាក់ក្នុងការបម្រើសេវា និងដោះស្រាយរាល់ការលំបាកជូនប្រជាពលរដ្ឋ ដោយឈរលើគោលការណ៍ច្បាប់ និងភាពសុខដុមរមនា ។
ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការ បានមានប្រសាសន៍ជម្រាបជូនរដ្ឋបាលខេត្តប៉ៃលិន បានយល់ដឹងពីតួនាទីភារកិច្ចសំខាន់ៗ ទាំងបីរបស់រដ្ឋសភា មានដូចជា៖ ១.ការងារនីតិកម្ម ២.ការត្រួតពិនិត្យតាមដានការអនុវត្តច្បាប់ និង៣.ភាពជាអ្នកតំណាងរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមប្រធានគណៈកម្មការ ក៏បានមានប្រសាសន៍ពីគោលបំណងរបស់គណៈកម្មការចុះមកពិភាក្សាខេត្តប៉ៃលិននាពេលនេះ គឺពាក់ព័ន្ធនឹងការមកសិក្សាស្វែងយល់ពីការងារដោះស្រាយករណីទំនាស់ដីធ្លី ឬវិវាទផ្សេងៗនៅក្នុងខេត្តប៉ៃលិន ដោយហេតុថា រហូតមកដល់ពេលនេះ គណៈកម្មការជំនាញខាងការងារទទួលពាក្យបណ្ដឹង និងអង្កេតរបស់រដ្ឋសភានេះ បានទទួលពាក្យបណ្តឹងសរុបទូទាំង ប្រទេសចំនួន ៥៩៤ករណី ធ្វើអន្តរាគមន៍បានចំនួន ៣៧៣ករណី តម្កល់ទុកមិនចាត់ការចំនួន១៩១ករណី ពាក្យបណ្តឹងកំពុងពិនិត្យចំនួន ២២១ករណី និងបានធ្វើលិខិតឆ្លើយតបចំនួន ៨២ករណី។
ឯកឧត្តមប្រធានគណៈកម្មការ ក៏បានទទួលយកសំណើរ ក៏ដូចជាបញ្ហាប្រឈមទាំងអស់ដែលរដ្ឋបាលខេត្តប៉ៃលិនបានលើកឡើង ដោយសន្យាថានឹង យកទៅរាយការណ៍ជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីជួយធ្វើអន្តរាគមន៍ដោះស្រាយតាមនីតិវិធីរបស់ រដ្ឋសភា ប្រកបដោយប្រសិទ្ធភាព៕ អត្ថបទ៖ លោក កុល កាយណា