នៅសាលាប្រជុំ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ មានរៀបចំបើកវគ្គបណ្តុះបណ្តាល ស្តីពីការអនុវត្តន៍ថវិកាលើកិច្ចការហិរញ្ញវត្ថុ ដល់ថ្នាក់ដឹកនាំជាស្រ្តី ស្ថិតក្រោម អធិបតីភាព លោក គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងលោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ព្រមទាំងមានអញ្ជើញចូលរួមពីសំណាក់ គណៈអភិបាលក្រុង-ស្រុក លោក-លោកស្រី មេឃុំ-ចៅសង្កាត់ តំណាងមន្ទីរជុំវិញខេត្ត និងក្រុមការងារមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ជាច្រើនរូបផងដែរ ។
លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ការបើកវគ្គបណ្តុះបណ្តាលនាពេលនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ស្ត្រីជាថ្នាក់ដឹកនាំគ្រប់មន្ទីរអង្គភាពជុំវិញខេត្ត ដើម្បីធ្វើការផ្សព្វផ្សាយលើកិច្ចការហិរញ្ញវត្ថុអោយបានត្រឹមត្រូវ ក្នុងការអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងឆាប់រហ័សទៀតផង ។
លោក គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ បច្ចុប្បន្នក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ និងឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញនូវវិធានការណ៍ ដើម្បីលើកកម្ពស់សមភាពជាច្រើន និងពង្រឹងភាពអង់អាចដល់ស្រ្តីតាមរយៈការបង្កើតឋានៈតួនាទី ក្នុងការធ្វើសេចក្តីសម្រេចរួម ទាំងការបញ្ជូនទៅក្នុងច្បាប់ និងក្របខ័ណ្ឌគតិយុត្តមួយចំនួនហើយកិច្ចខិតខំទាំងនេះបាននាំមកនូវលទ្ធផលនៃការកើនឡើងជាបណ្តើរៗ នូវស្រី្តជាថ្នាក់ដឹកនាំទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
លោកអភិបាលរងខេត្ត បានមានប្រសាសន៍ បន្តថា៖ ស្រ្តីគ្រប់មន្ទីរអង្គភាពទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ពង្រឹងនិងបង្កើនសមត្ថភាពបន្ថែមទៀត ក្នុងស្វែងយល់ឲ្យបានកាន់តែច្បាស់នូវវិធាននីតិវិធី និងបច្ចេកទេសនានា ក្នុងកិច្ចការហិរញ្ញវត្ថុ នៅមន្ទីរជំនាញដោយខិតខំគោរពឲ្យបានខ្ជាប់ខ្ជួនតាមក្របខ័ណ្ឌ និងបណ្តាវិធានការ ព្រមទាំងគោលការណ៍ និងបច្ចេកទេសទាំងឡាយឲ្យកាន់តែមានភាពសុក្រិត្យ និងគុណភាពល្អ ។
ក្នុងឱកាសនោះលោកអភិបាលរងខេត្ត ក៏បានមានប្រសាសន៍សំណូមពរដល់ក្រុមការងារទាំងអស់ត្រូវរៀបចំបច្ចេកទេស បញ្ហានានា លោកគ្រូ-អ្នកគ្រូ ជាគ្រូបង្គោលត្រូវខិតខំយកចិត្តទុកដាក់បង្ហាត់បង្រៀន ជាពិសេសសូមសិក្ខាកាមទាំងអស់ត្រូវ ក្រេបយកចំណេះដឹងទាំងនេះបំពេញចន្លោះបន្ថែមយកទៅអនុវត្តន៍នៅតាមអង្គភាពផ្សេងៗ ប្រកបដោយប្រសិទ្ធភាពខ្ពស់ផងដែរ ។
សូមបញ្ជាក់ថា៖ វគ្គបណ្តុះបណ្តាល ស្តីពីការអនុវត្តន៍ថវិកាលើកិច្ចការហិរញ្ញវត្ថុ ដល់ថ្នាក់ដឹកនាំជាស្រ្តី ដែលរៀបចំដោយមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តប៉ៃលិន មានរយៈពេល ៣ថ្ងៃ ៕ អត្ថបទ៖ លោក គួន ថង