ភ្នំពេញ៖ វត្ថុបុរាណខ្មែរធ្វើពីថ្ម និងសំរឹទ្ធចំនួន ៧៧គ្រឿង ត្រូវបានប្រគល់ត្រឡប់មកប្រទេសកម្ពុជាវិញ បន្ទាប់ពីកាន់កាប់ដោយក្រុមគ្រួសារមួយនៅប្រទេសអង់គ្លេស។ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបញ្ជាក់ថា ការវិលត្រឡប់មកវិញនៃសម្បត្តិវប្បធម៌ជាតិទាំងនេះ បានបើកទំព័រថ្មីមួយទៀត ក្នុងការស្វែងយល់ និងសិក្សាស្រាវជ្រាវអំពីចក្រភពអង្គរ និងសារៈសំខាន់នៃបេតិកភណ្ឌទាំងនោះសម្រាប់ពិភពលោក។
តាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ លោកជំទាវរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់បុគ្គលឯកជន ដល់សារមន្ទីរ ក៏ដូចជាសា្ថប័ននានាលើសកលលោក ដែលកំពុងតាំងបង្ហាញ និងរក្សាទុកវត្ថុបុរាណរបស់កម្ពុជា សហការជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឬតាមរយៈស្ថានទូតកម្ពុជាប្រចាំ ការក្នុងប្រទេសនីមួយៗ ក្នុងការប្រគល់ត្រឡប់មកវិញនូវសម្បត្តិវប្បធម៌ខ្មែរ។ រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកកាយវិការនេះថា ជាទង្វើដ៏ថ្លៃថ្លាដ៏គួរឲ្យគោរព ដែលមិនត្រឹមតែបង្ហាញពីក្រមសីលធម៌ ក្នុងការចូលរួមលើកតម្លៃដល់វប្បធម៌នៃជាតិសាសន៍មួយប៉ុណ្ណោះទេ តែក៏បានចូលរួមចំណែកដ៏ឧត្តុង្គឧត្តមក្នុងការផ្សា និងព្យាបាលរបួសផ្លូវចិត្តរបស់ប្រជាជនកម្ពុជា ដែលឆ្លងកាត់សង្គ្រាមស៊ីវិលរ៉ាំរ៉ៃ និងរងគ្រោះពីសោកនាដកម្ម និងទារុណកម្មនៃអំពើប្រល័យពូជសាសន៍ខ្មែរក្រហម។
សូមបញ្ជាក់ថា វត្ថុបុរាណខ្មែរធ្វើពីថ្ម និងសំរឹទ្ធចំនួន ៧៧គ្រឿង បានបញ្ជូនមកដល់ប្រទេសកម្ពុជាហើយ តាមរយៈក្រុមការងារកម្ពុជាដែលដឹកនាំដោយ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី ៧ នៃរដ្ឋសភាទទួលបន្ទុកវិស័យអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ ព្រមទាំងមន្ត្រីជំនាញកម្ពុជាបានអញ្ជើញទៅកាន់ប្រទេសអង់គ្លេសដើម្បីនាំយកគ្រឿងអលង្ការបុរាណខ្មែរទាំងនោះពីក្រុមគ្រួសារលោក ឌូគ្លីស ឡាតហ្វដ (Douglas Latchford)។
គ្រឿងអលង្ការបុរាណខ្មែរនេះ បានបញ្ជូនមកដល់កម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ មានដូចជា ក្បាំងមកុដ ខ្សែក ខ្សែដៃ ខ្សែក្រវាត់ ក្រវិល បន្តោង ស្ថិតក្នុងសម័យមុនអង្គរ និងសម័យអង្គរ ជាគឿងអលង្ការមាស និងលោហៈមានតម្លៃមួយចំនួនធ្លាប់បានផ្សព្វផ្សាយក្នុងសៀវភៅ Khmer Gold: Gifts of the Gods និពន្ធរួមដោយលោកស្រី Emma C. Bunker និងលោក Douglas A.J. Latchford នាឆ្នាំ២០០៨ ដែលវត្ថុភាគច្រើន សាធារណជនពុំធ្លាប់បានឃើញពីមុនមក៕