កូរ៉េខាងត្បូង៖ សហរដ្ឋអាម៉េរិកចូលរួមធ្វើសមយុទ្ធយោធាទ័ពអាកាស ជាលក្ខណៈទ្វេភាគី ជាមួយនឹងក្រុមសម្ពន្ធ័មិត្ត នៅក្នុងតំបន់អាស៊ី ដែលរួមមានប្រទេសកូរ៉េខាងត្បូង និងជប៉ុន។ ការហ្វឹកហាត់នេះមានប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែកបែបយុទ្ធសាស្រ្តកាលពីថ្ងៃអាទិត្យទី១៩ ខែកុម្ភៈ ម្សិលមិញ បន្ទាប់ពីរយៈពេល១ថ្ងៃ ក្រោយការបាញ់បង្ហោះមីស៊ីលរំលងទ្វីបឈ្មោះ វ៉ាសុង១៥(Hwasong-15)របស់កូរ៉េខាងជើង។
នាយអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បានលើកឡើងថា សមយុទ្ធតាមផ្លូវអាកាសនេះ ដោយមានការអមដំណើរយន្តហោះចំបាំងប្រភេទ(F-35A, F-15K និង US F-16) ជាមួយនឹងយន្តហោះទម្លាកគ្រាប់បែកប្រភេទ(B-1B)របស់សហរដ្ឋអាម៉េរិក។
នៅក្នុងសេចក្តីថ្លែងការណ៍ របស់កងយោធាកូរ៉េខាងត្បូង បានលើកឡើងថា “សមយុទ្ធតាមផ្លូវអាកាសនេះ គឺ ដើម្បីពង្រឹងនូវសមត្ថភាពប្រតិបត្តិការរួមគ្នា ដើម្បីការពារតំបន់ឧបទ្វីបកូរ៉េ”។ ដោយឡែកក្រសួងការពារជាតិជប៉ុនឯណោះវិញ បាននិយាយនៅក្នុងថ្លែងការណ៍របស់ខ្លួនថា យន្តហោះជប៉ុនប្រភេទ( F-15s) បានហោះហើរពីលើសមុទ្រជប៉ុនជាមួយ នឹងយន្តហោះទម្លាក់គ្រាប់បែក(B-1) និងប្រភេទ(F-16s) របស់សហរដ្ឋអាម៉េរិក។ ក្រសួងការពារជាតិជប៉ុនដដែល បានលើកឡើងបន្តដោយ ”ការអំពាវនាវសូមឱ្យមានបរិស្ថានសន្តិសុខនៅក្នុងតំបន់” ខណៈដែលការកើនឡើងនូវកំដៅចេញពីការបាញ់បង្ហោះមីស៊ីលរបស់កូរ៉េខាងជើងនោះរួចមក។
ចំណែកឯបណ្តាញផ្សព្វផ្សាយរបស់រដ្ឋកូរ៉េខាងជើងវិញ(KCNA) បានលើកឡើងថា “ការហ្វឹកហាត់នេះជាភស្តុតាងជាក់ស្តែងមួយ ក្នុងការបន្ទុចបង្អាក់ដល់ការអភិវឌ្ឍបរមាណូកូរ៉េខាងជើង ហើយក៏ជាការប្រទូស្តរ៉ាយផងដែរ”។
គួររំលឹកដែរថា កម្មវិធីអាវុធនុយក្លេអ៊ែរ និងការអភិវឌ្ឍមីស៊ីលរំលងទ្វីបរបស់កូរ៉េខាងជើង ត្រូវបានហាមឃាត់ក្រោមវិធានការណ៍ដោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប៉ុន្តែរដ្ឋការទីក្រុងព្យុងយ៉ាងបាននិយាយថា “កម្មវិធីអភិវឌ្ឍន៍អាវុធរបស់ខ្លួននោះ គឺជាភាពចំាបាច់ដើម្បីទប់ទល់នឹងគោលនយោបាយប្រទូស្តរ៉ាយណាមួយពីរដ្ឋការក្រុងវ៉ាស៊ីនតោន និងប្រទេសសម្ពន្ធ័មិត្ត” តែប៉ុណ្ណោះ៕