ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញពីបំណងចង់ឲ្យសិស្សវិជ្ជាជីវៈនៅតាមសាលានានា ទទួលជំនាញច្បាស់លាស់ និងទទួលបានថវិកាឧបត្ថមប្រចាំខែពីរដ្ឋអំឡុងពេលសិក្សា។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រដល់សិស្សវិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្សជិត ២ពាន់នាក់ នៅព្រឹកថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យរដ្ឋមន្រ្តីក្រសួងអប់រំពិនិត្យមើល តើមានសាលាប៉ុន្មានដែលមានសិស្សកំពុងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីរៀបចំដាក់បញ្ចូល និងបែងចែកការសិក្សាវិជ្ជាជីវៈដែលរាជរដ្ឋាភិបាលកម្ពុជា មានផែនការនឹងបណ្តុះបណ្តាលជាង ១លាន ៥សែននាក់ ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ជំនាញវិជ្ជាជីវៈទាំងនោះ ក៏មានវិជ្ជាជីវៈដូនតា ដែលមានតាំងពីតម្បាញ ចម្លាក់គំនូរ និងជំនាញជាច្រើនទៀត ដែលត្រូវការបណ្តុះបណ្តាល ហើយវិជ្ជាជីវៈដូនតា គឺត្រូវគ្រប់គ្រងដោយក្រសួងវប្បធម៌ ។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានថ្លែងថា រាជរដ្ឋាភិបាល នឹងបណ្តុះបណ្តាលដល់ពលរដ្ឋកម្ពុជាក្រីក្រជាង ១លាន ៥សែននាក់ ឲ្យបានចូលសិក្សាចំណេះជំនាញបច្ចេកទេស វិជ្ជាជីវៈ នៅចុងឆ្នាំនេះ និងឆ្នាំក្រោយ ព្រមទាំងទទួលបានប្រាក់ឧបត្ថមពីរាជរដ្ឋាភិបាលនៅកំឡុងពេលរៀននោះទៀតផង។
សម្តេចបញ្ជាក់ថា «យើងមានធនធានមនុស្ស តែគ្មានបច្ចេកទេស គឺមិនអាចទៅរួចទេ គេមិនយកទេ ក្នុងដំណាក់កាលឧស្សាហកម្ម ៤.០ ដំណាក់កាលសេដ្ឋកិច្ចឌីជីថល ប្រសិនយើងមានធនធានដែលមានចំណេះជំនាញ គឺយើងងាយស្រួលចាប់យកឱកាសនៅពេលដែលរាជរដ្ឋាភិបាល កំពុងតែទាក់ទាញបណ្តាវិនិយោគិន»៕