ព្រះសីហនុ៖ ស្នងការរង ទទួលបន្ទុកផែនចរាចរណ៍ និងស្ដាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ ប្រាប់ឲ្យដឹងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ថា នៅព្រលប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាងម៉ូតូ និងរថយន្តច្នៃចតចោល នៅលើផ្លូវលេខ ១៤៨ បី ស្ថិតក្នុងក្រុម១៧ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ ។
លោកឧត្ដមសេនីយ៍ត្រី ស៊ីធឿន តុលា បន្តថា ករណី គ្រោះថ្នាក់ចរាចរណ៍នេះ ដោយម៉ូតូ ម៉ាកសង់ហុងដា ពណ៌ក្រហម ស្លាកលេខ កំពត 1M-4958 បើកបរដោយឈ្មោះ ផល លីអី ភេទប្រុស អាយុ ១៥ឆ្នាំ ជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិ១ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ និងមានអ្នករួមដំណើរ ០២នាក់ គឺទី១.ឈ្មោះ ស្រៀង ហួយហ័រ ភេទប្រុស អាយុ ១៧ឆ្នាំ ជាតិខ្មែរ មុខរបរសិស្ស រស់នៅ ភូមិ៣ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ និងទី២.ឈ្មោះ ជឿន បញ្ញា ភេទប្រុស អាយុ ១៨ឆ្នាំ ជាតិខ្មែរ មុខរបរសិស្ស រស់នៅ ភូមិ១ អូរត្រេះ ស្រុលស្ទឹងហាវ ខេត្តព្រះសីហនុ ។ (ទាំង ៣នាក់ បានស្លាប់នៅកន្លែងកើតហេតុ) ។ បើកបរទិសដៅ ពីកើតទៅលិច (កែវផុស-ស្ទឹងហាវ) មិនពាក់មួកសុវត្តិភាពទាំង ៣នាក់ លុះមកដល់កន្លែងកើតហេតុខាងលើបានបុកចំពីក្រោយរថយន្តកែច្នៃដឹកអុស ០១គ្រឿង ដែលចតចោលខាងផ្នែកស្តាំដៃ គ្មានស្លាកលេខ អ្នកបើកបរមិននៅជាមួយរថយន្ត គ្មានដាក់សញ្ញាអ្វីទាំងអស់ ។
លោក បញ្ជាក់បន្ថែម មូលហេតុដែលបណ្តាលមកពីអ្នកបើកបររថយន្តច្នៃ មិនដាក់សញ្ញា ឬភ្លើងសញ្ញាអ្វីទាំអស់ រីឯម៉ូតូបានប្រើប្រាស់ល្បឿនលឿន អ្នកបើកបរ និងអ្នករួមដំណើរគ្មានមួកសុវត្ថិភាព ។ ករណីនេះ បណ្ដាលឱ្យស្លាប់មនុស្ស ០៣នាក់ ដូចមានឈ្មោះខាងលើ -ខូចខាតម៉ូតូ ០១គ្រឿង កម្រិតធ្ងន់ និងរថយន្ត ០១គ្រឿង កម្រិតស្រាល -ចំពោះវត្ថុតាង ០១គ្រឿង កម្លាំងជំនាញ បានយកមករក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ចំណែកអ្នកបើកបររថយន្តកែច្នៃ ជំនាញកំពុងស្រាវជ្រាវតាមរក៕