ទឹកធ្លាក់ស្រស់ស្អាតមួយ ដែលសងំលាក់ខ្លួននៅជើងភ្នំដងរែក ខេត្តឧត្តមានេជ័យ មានអ្នកក្នុងតំបន់នោះតិចតួចណាស់បានស្គាល់ បានដឹង និង កម្រមានអ្នកពីចម្ងាយបានទៅស្គាល់ទីនោះណាស់។ ទឹកធ្លាក់អូរពកនេះ មានចម្ងាយប្រមាណជា ៧០០ ម៉ែត្រពីផ្លូវធំដែលយើងអាចចូលទៅកាន់ទីកន្លែងនោះបានតាមផ្លូវក្រោយវត្តព្រះពុទ្ធមេតា្ត នៅខាងឆ្វេងដៃប្រមាណជា ៥ គីឡូម៉ែត្រ មុននិងដល់ច្រកអូរស្មាច់ ។
បើចង់ទៅលេងកម្សាន្តនៅរមណីដ្ឋាននោះ គឺត្រូវបាច់ផ្តើមចេញដំណើរដោយថ្មើរជើងពីវត្តទៅកាន់ចំការស្វាយ និង ចំការដំឡូង ប្រមាណជា ២៥០ ម៉ែត្រ យើងនិងទៅដល់វាលស្បូវយ៉ាងក្រាសដែលតម្រូវឲ្យយើងវែកផ្លូវដើរតាមគន្លងស្បូវចាស់ដែលគេដើរ។ បន្តដើរតាមគន្លងនោះឡើងទៅជើងភ្នំ ដែលមានថ្មសដិបរដុប ព្រៃឬស្សី និងដើមឈើដុះចាក់សងខាងផ្លូវដើរ យើងនិងបានទៅដល់ទឹកហូរតាមគន្លាតថ្មជាច្រើនដំណាក់ ។ មកដល់ត្រង់នេះយើងត្រូវបត់ស្តាំ ដែលជាផ្លូវឡើងចំណោតស្របតាមបណ្តោយស្ទឹងប្រមាណជា ៥០ម៉ែត្រប៉ុណ្ណោះ យើងនិងប្រទះឃើញទឹកធ្លាក់កម្ពស់ ប្រមាណជា១០ម៉ែត្រ នោះជាមិនខាន។
និយាយអំពីទិដ្ឋភាពនៃទឹកធ្លាក់ អូរពកនោះវិញ គឺនៅមានលក្ខៈធម្មជាតិជាច្រើន ដែលយើងឃើញមានកំណាត់ឈើដែលហូរធ្លាក់មកតានទឹក និងដើមឈើបាក់នៅតាមបណ្តោយទឹកជ្រោះនៅរាយប៉ាយនៅពាសពេញ។ ផ្នែកខាងលើជាស្ទឹងតូចមួយ មានទឹកហូរកាត់តាមគន្លាតថ្មដិបរដុប ជាថ្នាក់តូចៗ រហូតដល់ល្បាក់កម្ពស់ប្រមាណជា១០ម៉ែត្រនិងបន្តហូរទៅផ្នែកខាងក្រោម ។ ខាងក្រោយទឹកធ្លាក់ ជាពើងធំមួយ ដែលយើងអាចចូលទៅខាងក្រោមទឹកធ្លាក់បាន។គួររលឹកផងដែរថា ទឹកធ្លាក់ភាគច្រើននៅតំបន់ភ្នំដងរែកនេះ គឺមានតែនៅក្នុងរដូវវស្សាសំបូរទឹកតែប៉ុណ្ណោះ ដូច្នេះយើងមិនរំពឹងថានៅក្នុងខែប្រាំង នឹងមានទឹកធ្លាក់នៅទីនោះទេ ព្រោះនៅពេលដែលយើងបានទៅដល់ទីនោះក្នុងខែវិច្ឆិកា ស្ទើរតែលែងមានទឹកហូរទៅហើយ។ មួយវិញទៀត យើងបានសង្កេតឃើញថាមានសំរាមមួយចំនួន ដែលបន្សល់ទុកនៅទីនោះ ពីរសំណាក់អ្នកដែលបានទៅលេងមុនៗ ធ្វើឲ្យមានការប៉ះពាល់ដល់សោភណ្ឌភាពធម្មជាតិរបស់ទឹកធ្លាក់ ដូច្នេះសូមចង់ចាំថា រាល់កន្លែងណា ដែលយើងទៅលេង សូមបន្សល់ទុកតែអនុស្សាវរីយ៍ល្អៗ និងយកមកវិញឲ្យអស់នូវកាកសំណល់សំរាមរបស់យើងទាំងអស់គ្នា៕