លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត រួមដំណើរដោយ លោកអភិបាលរងខេត្ត លោកស្នងការនគរបាលខេត្ត និងលោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធមួយចំនួនទៀត បានអញ្ជើញចុះពិនិត្យផលិតកម្ម កែឆ្នៃកសិផលនៅក្នុងរោងចក្រចំនួន៣ នៅក្នុងខេត្តប៉ៃលិន សំរាប់នាំចេញទៅទីផ្សារក្នុងប្រទេសចិន។
រោងចក្រកែឆ្នៃផលិតផល កសិកម្មទាំង៣នោះ រួមមាន៖ រោងចក្រផលិតស្វាយងៀត ឬតំណាប់ស្វាយ ដែលមានទីតាំងស្ថិតនៅក្នុង ភូមិអូរអិល ឃុំស្ទឹងកាច់ , រោងចក្រផលិតមៀនប៉ៃលិនក្រៀម ដែលមានទីតាំងស្ថិតនៅក្នុងភូមិបូសស្អំ ឃុំស្ទឹងកាច់ , និង រោងចក្រអប់ផ្លែមៀនស្រស់ និងការវិចខ្ខប់ សម្រាប់នាំចេញ, ដែលមានទីតាំងស្ថិតនៅក្នុងភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានសំដែងការរីករាយ និងមានមោទនភាពក្រៃលែង ដែលខេត្តប៉ៃលិនជាខេត្តតូចមួយ ស្ថិតភាគពាយ័ព្យ នៃប្រទេស ទទួលបាននូវការ វិនិយោគ ការកសាងរោងចក្រជាច្រើនសម្រាប់ទទួលទិញកសិផលពីបងប្អូនប្រជាពលរដ្ឋ និងកែច្នៃជាផលិតផលសម្រេច សំរាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន នាំមកនូវការរីកចំរើនដល់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ពិសេសរោងចក្រទាំងនោះ ក៏បានស្រូបយកនូវកម្លាំងពលកម្មរបស់បងប្អូនប្រជាពលរដ្ឋទាំងនៅក្នុងខេត្តប៉ៃលិន ក៏ដូចជាបណ្តាខេត្តនានាមួយចំនួនទៀត នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
ក្នុងកិច្ចសន្ទនារវាង លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណអភិបាលខេត្តប៉ៃលិន ជាមួយតំណាងរោងចក្រទាំងបីនោះ បានអោយដឹងថា រោងចក្រក៏ត្រូវការបុគ្គលិក កម្មករជាច្រើននាក់ទៀត សំរាប់ចូលបំរើការងារក្នុងរោងចក្រ និងមានតម្រូវការទិញផលិតផល កសិកម្មរបស់បងប្អូនប្រជាពលរដ្ឋ លើផលដំណាំស្វាយកែវរមៀត និងផ្លែមៀនប៉ៃលិន ក្នុងចំនួនដ៏ច្រើន សំរាប់បំពេញតម្រូវការក្នុងរោង ចក្រ។ លោកជំទាវ បាន ស្រីមុំ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន ក៏ដូចជាប្រជាពលរដ្ឋ បណ្តាខេត្តផ្សេងៗទៀត ក្នុងប្រទេសកម្ពុជា ដែលចង់រកការងារធ្វើ, អាចមកទំនាក់ទំនងដាក់ពាក្យធ្វើការនៅតាមរោងចក្រទាំង៣ ឬទំនាក់ទំនងជាមួយក្រុងការងាររបស់លោកជំទាវផ្ទាល់ ដើម្បីបានលោកជំទាវជួយសម្របសម្រួលការងារជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់។
សូមបញ្ជាក់ថា៖ ខេត្តប៉ៃលិន គឺជាខេត្តមួយ ក្នុងចំណោមខេត្តទាំង៤ ដែលរួមមាន ខេត្តបាត់ដំបង ពោធិសាត់ បន្ទាយមានជ័យ និងខេត្តប៉ៃលិន ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់បញ្ចូលជាប៉ូលទី៤ នៃសេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា៕ ដោយៈ វួច ពឿន AKP ប៉ៃលិន