ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត រួមដំណើរដោយលោកអភិបាលរងខេត្ត លោកស្នងការនគរបាលខេត្ត លោកប្រធានមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត បានអញ្ជើញចុះសាកសួរសុខទុក្ខ និងពិនិត្យមើលការប្រកបរបរដាំបន្លែរបស់ប្រជាកសិកររស់នៅក្នុងឃុំស្ទឹងត្រង់ និងឃុំសាលាក្រៅ ក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ការចុះសាកសួរសុខទុក្ខ និងពិនិត្យការដាំបន្លែនេះ បានធ្វើឡើងក្នុងទីតាំងបួនផ្សេងគ្នា ដោយ ៣កន្លែង ស្ថិតនៅក្នុងភូមិស្ទឹងត្រង់ និងមួយកន្លែងទៀត ស្ថិតនៅក្នុងឃុំសាលាក្រៅ ក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលរួមមានប្រជាកសិករដែលដាំបន្លែជាលក្ខណៈប្រពៃណី និងប្រជាកសិករដែលដាំបន្លែជា លក្ខណៈបច្ចេកទេស ក្នុងនោះមានដំណាំម្ទេសដៃនាង ម្ទេសផ្លោក ស្ពៃ ននោង សំណ្តែកគួ ត្រប់ជាដើម។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍សម្ដែងការកោតសរសើរចំពោះការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ប្រកបដោយបច្ចេកទេសខ្ពស់ របស់ប្រជាកសិករ ក្នុងការប្រកបរបរដាំបន្លែ។ លោកជំទាវបានមានប្រសាសន៍ថា ផលដំណាំបន្លែរបស់ប្រជាកសិករយើងទទួលបានលទ្ធផលល្អប្រសើរ ទាំងបរិមាណ និងគុណភាព សម្រាប់ផ្គត់ផ្គង់តម្រូវការនៅទីផ្សារក្នុងខេត្តប៉ៃលិន ក៏ដូចជាបណ្ដាខេត្តមួយចំនួនទៀតផងដែរ។ លោកជំទាវបានណែនាំសូមឲ្យបងប្អូនប្រជាពលរដ្ឋប្រកបរបរដាំបន្លែទាំងអស់ ត្រូវយកចិត្តទុកដាក់ពីគុណភាព សុវត្ថិភាពដល់អ្នកប្រើប្រាស់ ដោយព្យាយាមប្រើប្រាស់ជីធម្មជាតិ និងអនុវត្តឲ្យបានត្រឹមត្រូវតាមបច្ចេកទេស ក្នុងករណីចាំបាច់ត្រូវប្រើថ្នាំពុលសម្លាប់សត្វល្អិត។ លោកជំទាវក៏បានណែនាំដល់មន្ទីរកសិកម្ម ក៏ដូចជាមន្ទីរពាណិជ្ជកម្មខេត្ត ត្រូវខិតខំស្រាវជ្រាវ អភិវឌ្ឍន៍បច្ចេកទេសថ្មីៗ ដើម្បីយកមកបង្ហាត់បង្ហាញដល់ប្រជាកសិករ និងជួយអន្តរាគន៍អោយបានទាន់ពេលវេលា ក្នុងករណីដំណាំកសិកម្មរបស់ប្រជាពលរដ្ឋជួបបញ្ហា និងត្រូវខិតខំសិក្សាស្រាវជ្រាវរកទីផ្សារ សម្រាប់លក់ផលិតផលរបស់ប្រជាកសិករយើងផងដែរ។ ក្នុងឱកាសនោះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត ក៏បានឧបត្ថម្ភជាដើមទុនមួយចំនួន ដល់ប្រជាកសិករ សម្រាប់ពង្រឹង និងពង្រីកការដាំដុះបន្លែ និងសន្យាជួយទិញបន្លែរបស់ប្រជាកសិករយើងផងដែរ។
លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានលើកឡើងថា៖ បច្ចុប្បន្នទីផ្សារបន្លែមានលក្ខៈល្អប្រសើ ពេលដាំបាន គឺឈ្មួញកណ្តាលប្រមូលទិញទាំងអស់ ពេលខ្លះប្រជាកសិករផលិតមិនទាន់ សម្រាប់បំពេញតម្រូវការទីផ្សារទៀតផង ដោយក្នុងនោះបន្លែ ក្រៅតែពីលក់ក្នុងមូលដ្ឋាន គឺមួយចំនួនត្រូវនាំទៅផ្គត់ផ្គង់នៅទីផ្សារខេត្តបាត់ដំបង និងរាជធានីភ្នំពេញ ពិសេសនៅតាមផ្សារទំនើប។ លោកបានបន្តថា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងកសិកម្ម បានខិតខំប្រឹងប្រែងក្នុងការចងក្រងឯកសារ ដើម្បីបណ្តុះបណ្តាល ដល់សហគមន៍កសិករ ហើយក៏បានជួយផ្តល់អ្នកជំនាញ ទៅបណ្តុះបណ្តាល ដល់មូលដ្ឋានផ្ទាល់ផងដែរ ធ្វើយ៉ាងម៉េចឱ្យការដាំដុះរបស់បងប្អូនទទួលបានផលច្រើន ចំណាយតិច ហើយមានសុវត្ថិភាព ដល់អ្នកប្រើប្រាស់ ក៏ដូចជាអ្នកដាំផ្ទាល់ ដោយជៀសវាង ឬកាត់បន្ថយការប្រើប្រាស់ជីគីមី ។
ជាការឆ្លើយតបបងប្អូនប្រជាកសិករបានសម្ដែងនូវការថ្លែងអំណរគុណ និងអារម្មណ៍រីករាយ ស្និតស្នាលជាមួយលោកជំទាវអភិបាលខេត្ត ក៏ដូចជាថ្នាក់ដឹកនាំទាំងអស់ ដែលតែងតែខិតខំប្រឹងប្រែងជួយដល់បងប្អូនប្រជាកសិករ ទាំងផ្នែកថវិកា បច្ចេកទេស និងការរកទីផ្សារលក់កសិផលរបស់បងប្អូនប្រជាកសិករ៕ អត្ថបទ៖លោក វួច ពឿន