(ថៃ)៖ Duangpetch Promthep ជាម្នាក់ក្នុងចំណោមក្មេងប្រុសទាំង១២នាក់ ដែលត្រូវបានជួយសង្គ្រោះពីរូងភ្នំថៃក្នុងឆ្នាំ២០១៨ ពេលនេះបានស្លាប់នៅចក្រភពអង់គ្លេស។ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុនៃការស្លាប់ មិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេ ប៉ុន្តែមានសេចក្តីរាយការណ៍ថា ក្មេងប្រុសរូបនេះ រងរបួសក្បាល ។
Duangpetch បានចុះឈ្មោះចូលរៀននៅសាលាបាល់ទាត់ Brooke House College ក្នុងទីក្រុង Leicester កាលពីចុងឆ្នាំមុន នៅពេលគាត់មានអាយុ១៧ឆ្នាំ។
Promthep គឺជាប្រធានក្រុមបាល់ទាត់របស់ក្មេងប្រុសថៃ ដែលបានជាប់ជាមួយគ្រូបង្វឹករបស់ពួកគេអស់រយៈពេលពីរសប្តាហ៍ ក្នុងខេត្ត Chiang Rai។
ម្ដាយរបស់ក្មេងប្រុស បានជូនដំណឹងនេះដល់វត្ត Doi Wao នៅស្រុកកំណើតរបស់គាត់ ហើយ មិត្តរួមក្រុមដែលត្រូវបានជួយសង្គ្រោះក្នុងរូងភ្នំ ក៏បានចែករំលែកព័ត៌មាននេះនៅលើគណនីបណ្តាញសង្គមរបស់ពួកគេផងដែរ។អង្គការមិនរកប្រាក់ចំណេញរបស់ថៃ Zico Foundation ដែលបានជួយ Promthep ទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសអង់គ្លេស ក៏បានសម្តែងការរំលែកទុក្ខលើ Facebook ដែរ។
គួរបញ្ជាក់ថា Promthep គឺជាម្នាក់ក្នុងចំណោមសមាជិកនៃក្រុមបាល់ទាត់ជ្រូកព្រៃ ដែលបានចូលទៅក្នុងរូងភ្នំថាំហ្លួង កាលពីថ្ងៃទី២៣ខែមិថុនាឆ្នាំ២០១៨ ហើយក្រោយមកបានជាប់ក្នុងនោះដោយសារទឹកឡើងខ្លាំង។
ពេលនោះ គាត់មានអាយុ១៣ឆ្នាំ ខណៈមិត្តរួមក្រុមរបស់គាត់ មានអាយុចន្លោះពី១១ទៅ១៦ឆ្នាំ។ ក្រោយមក ពួកគេត្រូវបានជួយសង្គ្រោះ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងពីសំណាក់អ្នកមុជទឹកថៃ និងបរទេសជិត១០០នាក់៕