អ៊ុយក្រែន៖ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy បានជំរុញដល់ក្រុមសម្ព័ន្ធមិត្តបង្កើនជំនួយយោធាឲ្យបានលឿន ខណៈបណ្ដារដ្ឋមន្ត្រីការពារជាតិសម្ព័ន្ធយោធាណាតូបានជួបប្រជុំគ្នា ហើយរុស្ស៊ីបង្កើនការវាយប្រហារយ៉ាងសន្ធាប់នៅខ្សែត្រៀមជួរមុខភាគខាងកើត ដែលទំនងជាការត្រៀមវាយប្រហារថ្មី។ភាគច្រើននៃកាំភ្លើងធំរបស់រុស្ស៊ីត្រូវបានបាញ់សំដៅលើទីក្រុង Bakhmut ជាទីក្រុងរងការបំផ្លិចបំផ្លាញដោយគ្រាប់បែកនៅក្នុងខេត្ត Donetsk និងជាគោលដៅសំខាន់សម្រាប់លោកប្រធានាធិបតី Vladimir Putin។
ទាហានអ៊ុយក្រែននៅទីនោះបានត្រៀមជាមុនក្នុងករណីមានការវាយប្រយុទ្ធគ្នានៅតាមផ្លូវ។ ការដណ្ដើមបានទីក្រុង Bakhmut នឹងផ្ដល់ភាពងាយស្រួលសម្រាប់រុស្ស៊ីរុលទៅមុខលើទីក្រុងធំ២ ក្នុងខេត្ត Donetsk គឺទីក្រុង Kramatorsk និង Sloviansk និងផ្ដល់ជ័យជម្នះឲ្យទីក្រុង Moscow បន្ទាប់ពីការដកថយក្នុងសមរភូមិប្រយុទ្ធជាច្រើនខែ ក្រោយការលុកលុយកាលពីថ្ងៃទី២៤ ខែកុម្ភៈឆ្នាំមុន។
ក្រុមរដ្ឋមន្ត្រីការពារជាតិសម្ព័ន្ធយោធាណាតូបានជួបគ្នានៅក្នុងទីក្រុង Brussels កាលពីថ្ងៃអង្គារដើម្បីពិភាក្សាពីស្ថានភាពសង្គ្រាម និងឃ្លាំងអាវុធ។ នៅក្នុងសន្ទរកថាពេលល្ងាច លោក Zelenskiy បាននិយាយថា រុស្ស៊ីកំពុងអន្ទះសាសម្រេចគោលដៅខ្លាំងណាស់ មុនពេលអ៊ុយក្រែន និងក្រុមសម្ព័ន្ធមិត្តអាចប្រមូលកម្លាំងវាយបក។
លោកថា ព្រោះតែហេតុនេះទើបត្រូវពន្លឿនការផ្ដល់អាវុធឲ្យបានលឿនបំផុត។ ប្រមុខសម្ព័ន្ធណាតូលោក Jens Stoltenberg បាននិយាយថា លោក Putin កំពុងត្រៀមសង្គ្រាមថ្មីបន្តទៀតទាំងតាមអាកាស និងថ្មើរជើង៕