បាល់ទាត់៖ ក្រុមជើងឯកឆ្នាំ២០២០ Bayern Munich រកបានជ័យជំនះបានសំរេចក្នុងជើងទី១ វគ្គ ១៦ក្រុមចុងក្រោយ UEFA Champions League នៅទឹកដីបារាំងរបស់ Paris Saint Germain។ កីឡាករបារាំង Kingsley Coman គឺជាអ្នកស៊ុតគ្រាប់ជ័យជំនះតែមួយគ្រាប់គត់ឱ្យ Bayern Munich យកឈ្នះនាទីទី៥៣ ក្នុងវគ្គទី២ បន្ទាប់ពីការវាយសម្រុកជាច្រើនលើកនៅវគ្គទី១ តែមិនបានសំរេច។នេះជាគ្រាប់ទី២ របស់ Coman ទៅលើអតីតក្លិបរបស់ខ្លួន បន្ទាប់ពីគ្រាប់ដំបូងធ្វើបាននៅឆ្នាំ២០២០ ជាគ្រាប់ជ័យជំនះឱ្យ Bayern Munich លើកពាននៅពេលនោះ។
ក្រុមម្ចាស់ផ្ទះមានឱកាសតិចតួច មុនពេលដែលកីឡាករបម្រុង Kylain Mbappe ផ្លាស់ប្តូរចូលអាចរកបានមួយគ្រាប់ តែអាជ្ញាកណ្តាលមិនឱ្យដោយអ្នកបញ្ជូនឈរក្នុងជំហរក្រៅល្បែង។ បរាជ័យនេះធ្វើឱ្យក្រុមជើងឯកបារាំងមួយនេះចាញ់ ៣ប្រកួតជាប់គ្នាហើយគ្រប់ក្របខណ្ឌ ផ្ទុយពី Bayern Munich បន្តមិនចាញ់សោះតាំងពីថ្ងៃទី១៧ ខែកញ្ញា។ងាកមកមួយគូទៀត AC Milan បានយកឈ្នះក្រុមភ្ញៀវអង់គ្លេស Tottenham Hotspur ក្នុងលទ្ធផលតានតឹង ១-០ ដូចគ្នាធ្វើបានដោយ Brahim Diaz តាំងពីនាទីទី៧។
ទោះបីជាចាញ់មែន គេឃើញក្រុមរបស់លោក Antonio Conte មានប្រៀបក្នុងការប្រកួតនេះតាមរយៈការគ្រប់គ្រងបាល់ច្រើនជាង និងបង្កើតឱកាសច្រើនជាងតែគ្មានសំណាង។ ពីរគូនេះនឹងត្រលប់ទឹកដីគ្នានៅថ្ងៃទី៨ ខែមិនាខាងមុខ រួមមាន Bayern Munich ស្វាគមន៍ PSG នៅទីក្រុងមូនិច និង Tottenham Hotspur ស្វាគមន៍ AC Milan នៅទីក្រុងឡុងដ៍៕