(ឥណ្ឌា)៖នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នៅថ្ងៃចន្ទដើមសប្តាហ៍នេះ បានដាក់ចេញនូវមហិច្ឆតាក្នុងការនាំចេញផលិតផលសម្រាប់ប្រើប្រាស់ក្នុងវិស័យការពារជាតិច្រើនជាងបីដងក្នុងរង្វង់ទឹកប្រាក់រហូតដល់ ៥ ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេល ២ ឆ្នាំខាងមុខ ខណៈក្រុមហ៊ុនសព្វាវុធបានចូលរួមក្នុងពិព័រណ៌អាកាសដ៏ធំមួយ ក្នុងរយៈពេល៥ថ្ងៃ (ចន្លោះ ២ឆ្នាំម្តង) ជាផ្នែកមួយនៃការរកថវិកាចូលប្រទេសជាតិ។
ឥណ្ឌាក៏កំពុងស្វែងរកការចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិដែលមានតម្លៃ ៧៥០ ពាន់លានរូពី ឬ ៩ពាន់លានដុល្លារអាម៉េរិក ស្ថិតនៅក្នុងព្រឹត្តិការណ៍ Aero India រយៈពេល ៥ថ្ងៃ ក្នុងចន្លោះពេល ២ឆ្នាំ និងជាព្រឹត្តិការណ៍ដ៏ធំបំផុតមិនធ្លាប់មាន ដោយសារតែក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួន ព្យាយាមបញ្ចប់ការបញ្ជារទិញយន្តហោះដើម្បីបំពេញតម្រូវការស៊ីវិល និងជំរុញក្រុមហ៊ុនផលិតយន្តហោះពិភពលោក តាមរយៈភាពជាដៃគូ ឱ្យបន្ថែមការផលិតក្នុងស្រុក ។
លោក Modi បានថ្លែងសុន្ទរកថានៅក្នុងព្រឹត្តិការណ៍នោះថា លោកសូមអំពាវនាវដល់វិស័យឯកជនក្នុងប្រទេសឥណ្ឌា ឱ្យវិនិយោគកាន់តែច្រើនឡើងទៅលើវិស័យការពារជាតិនៃប្រទេសនេះ។ លោកបានបន្ថែមថា បច្ចុប្បន្ន ឥណ្ឌានាំចេញផលិតផលការពារជាតិទៅកាន់ប្រទេសចំនួន ៧៥ រួចហើយ។
ប្រទេសឥណ្ឌា គឺជាប្រទេសមួយក្នុងចំនោមប្រទេសនាំចូលគ្រឿងឧបករណ៍ការពារជាតិដ៏ច្រើនបំផុតរបស់ពិភពលោកអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែហាក់មិនមានទម្ងន់គ្រប់គ្រាន់សម្រាប់ប្រកួតប្រជែងនៅក្នុងទីផ្សារនាំចេញអាវុធកម្រិតពិភពលោកនោះឡើយ។
យ៉ាងណាក៏ដោយ មហិច្ឆតានាំចេញរបស់ទីក្រុងញូវដេលី គឺជាសញ្ញានៃការកើនឡើងឥទ្ធិពលរបស់ខ្លួន ខណៈការសម្រេចនាំចូលដ៏ច្រើនសម្បើមជាបន្តបន្ទាប់ គឺដើម្បីទាក់ទាញការវិនិយោគនៅក្នុងឧស្សាហកម្មក្នុងស្រុករបស់ខ្លួន ៕