ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន ឡានតុន ក្លៅដ៏ សឺវីស ថេកណឡជី ដើម្បីជំរុញការ ធ្វើពាណិជ្ជកម្មតាម ប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា ព្រមទាំងជំរុញដល់ការផ្សព្វផ្សាយផលិតផលរបស់កម្ពុជាសម្រាប់ទីផ្សារក្នុងស្រុក ក្នុងតំបន់ និងទៅកាន់ពិភពលោក។
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅក្នុងបណ្តាញសង្គម កាលពីរល្ងាចថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២៣នេះ បានលើកឡើងថា តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ នឹងរួមចំណែក្នុងការជំរុញការងារពាក់ព័ន្ធនឹងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ជាពិសេសគឺការពង្រីកទីផ្សារសម្រាប់ផលិតផលកម្ពុជា ការការពារអ្នកប្រើប្រាស់ ការទាញយកប្រយោជន៍ពីបរិវដ្តកម្ម និងបដិវត្តន៍ឧស្សាហកម្មទី៤ ក៏ដូចជាការកសាងសមត្ថភាពរបស់មន្រ្តីរាជការក្រសួងពាណិជ្ជកម្ម សម្រាប់ការប្រឡូកក្នុងកិច្ចចរចាផ្នែកពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា នេះគឺជាសមិទ្ធផលថ្មីមួយទៀតរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការកសាងភាពជាដៃគូរវាងរដ្ឋ និងឯកជន ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងជំរុញការផ្សព្វផ្សាយផលិតផលកម្ពុជាសម្រាប់ទីផ្សារក្នុងស្រុក ក្នុងតំបន់ និងទៅកាន់ពិភពលោក ហើយតាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ នឹងបង្កើតឱ្យមានការតភ្ជាប់ រវាងប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងពាណិជ្ជកម្ម ជាមួយនឹង Platform ដែលបង្កើតដោយវិស័យឯកជន ក្រោមកម្មវិធី Lanton Cloud ក្នុងការជំរុញឱ្យផលិតផលរបស់កម្ពុជាមានលទ្ធភាពពង្រីកទៅកាន់ទីផ្សារក្រៅប្រទេសឱ្យកាន់តែទូលំទូលាយថែមទៀត។ ឯកឧត្តម បានបន្តថា ផ្អែកតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា២០២១-២០៣៥ ព្រមទាំងយុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្រសួងពាណិជ្ជកម្ម បានអភិវឌ្ឍវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងសម្រេចនូវសមិទ្ធផលជាច្រើន ដែលក្នុងនោះរួមមាន៖ ការអនុម័ត និងប្រកាសឱ្យប្រើច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ កាលពីចុងឆ្នាំ២០១៩កន្លងទៅ ដែលក្របខណ្ឌគោលនយោបាយ និងលិខិតបទដ្ឋានច្បាប់ទាំងអស់នេះ បានផ្តល់ជាមូលដ្ឋានគតិយុត្តសម្រាប់គាំទ្រដល់ការអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងអាស៊ានស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នៅក្នុងឆ្នាំ២០២២ និងការចូលរួមចរចាក្នុងជំពូកស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នៅក្នុងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងតំបន់ (RCEP) ហើយដាក់ឱ្យអនុវត្តនៅដើមឆ្នាំ២០២២ផងដែរ។ លើសពីនេះ ក្រសួងពាណិជ្ជកម្ម ក៏បាននឹងកំពុងបន្តកិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីកែលម្អនូវហេដ្ឋរចនាសម្ព័ន្ធផ្នែកឌីជីថល និងលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ី នៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកផងដែរ។
បន្ថែមពីនេះ ក្រោមគម្រោង Enhanced Integration Framework (EIF) ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថា ក្រសួងពាណិជ្ជកម្ម បានបង្កើតថ្នាលសម្រាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (Go4eCam) ដែលបច្ចុប្បន្នបានទទួលនូវការចុះបញ្ជី និងការគាំទ្រយ៉ាងច្រើនពីវិស័យឯកជន និងបានសម្រួលដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម ភ្ជាប់ខ្លួនទៅនឹងខ្សែច្រវាក់តម្លៃ និងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោកផងដែរ៕