ខេត្តប៉ៃលិន ៖ បុរសម្នាក់បានរងរបួសធ្ងន់ ហើយត្រូវសាច់ញាតិបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ខណៈទាស់ទែងពាក្យសម្តីជាមួយបងប្រុសបង្កើតតិចតួច ស្រាប់តែជនបង្កទាញយកកាំបិ.តប៉័ងតោគប់ទៅលើជនរងគ្រោះដែលជាប្អូនពេញទំហឹង បណ្តាលឲ្យរងរបួសដេរអស់ជាច្រើនថ្នេរតែម្តង។ ហេតុការណ៍បងប្រុសបង្កើតទាញកាំបិ.តប៉័ងតោគប់ទៅលើប្អូនរងរបួសធ្ងន់នេះ បានកើតឡើងកាលពីវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចផ្ទះចម្ការដាំបន្លែ ស្ថិតក្នុងភូមិវាលវង់ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះខាងលើមានឈ្មោះ គីម ឈុនលី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកសិករ (ត្រូវជាប្អូនប្រុសបង្កើតរបស់ជនសង្ស័យ) ស្នាក់នៅកន្លែងកើតហេតុខាងលើ បានរងរបួសធ្ងន់ ត្រូវចង្ការដេរចំនួន៧ថ្នេរ និងរបួសក.ដៃខាងឆ្វេងដេរចំនួន៧ថ្នេរ ហើយត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តបាត់ដំបង។ ចំណែកជនបង្កវិញ មានឈ្មោះ គីម ហុងស្រៀង ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរកសិករ ស្នាក់នៅផ្ទះដាំបន្លែជាមួយគ្នា (ត្រូវជាបងប្រុសបង្កើតរបស់ជនរងគ្រោះ)។
សូមបញ្ជាក់ថា ជនសង្ស័យម្នាក់នេះ ជាមុខសញ្ញាចាស់ ដោយលើកទី១- កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ បានអប់រំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលល្វា ករណីគំរា.មហិ.ង្សា និងដុតខ្ទមចោល។ និងលើកទី២- កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ករណីដុតផ្ទះប្រជាពលរដ្ឋ និងត្រូវបានជនរងគ្រោះដកពាក្យបណ្តឹង និងដោះលែងឱ្យនៅក្រៅឃុំវិញ។
ប្រភពព័ត៌មានបានឱ្យដឹងទៀតថា នៅវេលាម៉ោងប្រហែល០០និង២០នាទីយប់ ឈានចូលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ជនបង្កបានជិះម៉ូតូមកដល់ផ្ទះចម្ការបន្លែ និងបានដើរទៅស្រាវខ្សែភ្លើងជុំវិញផ្ទះ រួចជនរងគ្រោះប្រាប់ថា «មិនបាច់ស្រាវខ្សែភ្លើងទេ យប់ហើយ»។ ពេលនោះ ជនបង្កបានជេរជនរងគ្រោះ រួចនិយាយថា «កុំចេះរឿងប្ដីប្រពន្ធអញ» ហើយជនបង្កក៏បានដើរចូលទៅក្នុងផ្ទះតាមផ្លូវខាងក្រោយ រួចដើរចេញមកវិញ ខណៈជនរងគ្រោះបានដើរចេញពីក្នុងផ្ទះ ភ្លាមៗនោះជនបង្កបានទាញយកកាំបិ.តប៉័ងតោដែលនៅក្នុងផ្ទះគប់ទៅលើជនរងគ្រោះ ត្រូវចំចង្ការ និងក.ដៃខាងឆ្វេង បណ្ដាលឱ្យរងរបួសធ្ងន់តែម្តង។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទួលល្វា និងសំណូមពរឱ្យសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់។ លុះរហូតដល់វេលាម៉ោងប្រហែល៦និង២០នាទីល្ងាចថ្ងៃខែដដែល កម្លាំងផែននគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ៃលិន ឃាត់ខ្លួនជនសង្ស័យខាងលើ នៅចំណុចភូមិពេជ្រគីរី សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន និងដកហូតវត្ថុតាងរួមមាន ៖ កាំបិ.តប៉័ងតោចំនួន០១ដើម។
ពាក់ព័ន្ធករណីខាងលើនេះដែរ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាង នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីអនុវត្តនីតិវិធីច្បាប់៕