(ថៃឡង់ដ៍)៖ហាងលក់ផលិតផលកញ្ឆាដ៏ពេញនិយមនៅលើផ្លូវ Khaosan ក្នុងរាជធានីបាងកក បានចាប់ផ្តើមការកែឆ្នៃ ប្រើប្រាស់ ឬរៀបចំយុទ្ធសាស្ត្រផ្សេងៗក្នុងហាងរបស់ពួកគេ ដើម្បីទាក់ទាញភ្ញៀវទេសចរចិន បន្ទាប់ពីវត្តមាននៃក្រុមអ្នកទេសចរចិនបានធ្វើដំណើរចេញពីប្រទេសចិន កាលពីដើមខែនេះ ។
ហាងលក់កញ្ឆា យីហោរ RG ៤២០ ដែលមានទីតាំងស្ថិតនៅប្រសព្វផ្លូវដ៏មមាញឹក និងពោរពេញទៅដោយបារកម្សាន្ត និងក្លឹបរាត្រី បានលើកផ្លាកសញ្ញាបង្ហាញប្រាប់យ៉ាងច្បាស់ជាភាសាចិន ដើម្បីផ្សព្វផ្សាយថាអាជីវកម្មរបស់ខ្លួនមានភាពស្របច្បាប់។ ក្រៅពីនេះ បញ្ជីរាយនាមផលិតផលទាំងអស់ (menu) ក៏បានបកប្រែបន្ថែមជាភាសាចិនផងដែរ ដើម្បីសម្របទៅតាមភ្ញៀវចិន ។
អ្នកគ្រប់គ្រងហាងកញ្ឆា RG ៤២០ អាយុ៤៥ឆ្នាំម្នាក់ មានឈ្មោះថា ណាត់វ៉ូរ៉ាផាកខាថន ផុងថាណាត់ថាណាកន (Natworaphakkhathorn Phongthanatthanakorn) បានឱ្យដឹងថា “ហេតុផលដែល RG ៤២០ ផ្តល់ជូនជាពិសេសសម្រាប់ភ្ញៀវទេសចរជាជនជាតិចិន គឺដោយសារតែប្រទេសថៃឡង់ដ៍ទទួលបានភ្ញៀវទេសចរច្រើនបំផុតពីប្រទេសចិននៅក្នុងឧស្សាហកម្មទេសចរណ៍ក្នុងព្រះរាជាណាចក្រមួយនេះ ធៀបនឹងវត្តមាននៃភ្ញៀវទេសចរមកពីបណ្តាប្រទេសដទៃផ្សេងទៀតនៅក្នុងពិភពលោក ។
Louise Wong ជាភ្ញៀវទេសចរមកពីទីក្រុងហុងកុង បានជ្រើសរើសប្រទេសថៃឡើងដ៍ជាទិសដៅទេសចរណ៍ដំបូងរបស់នាង បន្ទាប់ពីប្រទេសចិនបានបញ្ចប់វិធានការទប់ស្កាត់ជំងឺកូវីដ ដោយសម្រេចបើកឱ្យមានការធ្វើដំណើរឡើងវិញ បាននិយាយថា ហាងលក់កញ្ឆាដែលមានលើស្លាកសញ្ញាជាអក្សរចិនបែបនេះ ពិតជាធ្វើឱ្យនាងមានអារម្មណ៍ថាងាយស្រួលមែនទែន និងទទួលបានអារម្មណ៍ថានាងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅសម្រាប់ភ្ញៀវទេសចរចិន ដូចនេះ ពួកគេ (ភ្ញៀវចិន) មិនមានអារម្មណ៍ថាភ័យខ្លាចនៅពេលមកដល់ទីនេះទេ។
កាលពីសប្តាហ៍មុន នាយករដ្ឋមន្ត្រីថៃ លោក Prayuth Chan-ocha បានលើកឡើងថា នៅឆ្នាំនេះ គេរំពឹងថា ថៃឡង់ដ័នឹងទទួលបានភ្ញៀវទេសចរបរទេសជាង ៣០លាននាក់ ខណៈវិស័យមួយនេះស្ថិតក្នុងចំណោមវិស័យសំខាន់បំផុតមួយក្នុងប្រទេសថៃឡង់ដ៍។ ខណៈនេះ រដ្ឋាភិបាលថៃកំពុងព្យាករណ៍ថា ភ្ញៀវទេសចរចិនយ៉ាងហោចណាស់ ៧ ឬ ៨លាននាក់ នឹងមកកាន់ប្រទេសថៃឡង់ដ៍នៅឆ្នាំ២០២៣ បន្ទាប់ពីប្រទេសចិនបើកដំណើរការព្រំដែនឡើងវិញ។
ក្នុងឆ្នាំ២០២២ ប្រទេសថៃឡង់ដ៍បានសម្រេច និងយកឈ្នះគោលដៅទេសចរណ៍របស់ខ្លួនជាមួយនឹងវត្តមាននៃភ្ញៀវទេសចរបរទេសចំនួន ១១.១៥ លាននាក់ ដោយមានការកើនឡើងពីចំនួនប្រមាណជា ៤២ម៉ឺន៨ពាន់នាក់ កាលពីឆ្នាំ២០២១ អំឡុងវិធានការទប់ស្កាត់ការរីករាលដាលពីជំងឺកូវីដ ៕