(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន មកពីគណបក្សប្រជាជន កម្ពុជា ដ៏មានប្រជាប្រិយភាព បានស្នើដល់សាលាអន្តរជាតិនានា នៅក្នុងប្រទេសកម្ពុជា ពង្រឹងកម្មវិធី សិក្សាភាសាខ្មែរ សីលធម៌ និងទំនៀមទម្លាប់ ពីកម្រិតមត្តេយ្យសិក្សា ដល់ថ្នាក់ទី១២។
សំណើរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បន្ទាប់ពីឯកឧត្តមបានមើលឃើញថា ក្មេងខ្មែរដែលសិក្សានៅសាលាអន្តរជាតិ ខ្សោយការយល់ដឹងខេមរភាសា និងមិនសូវយល់ពីសីលធម៌ និងទំនៀមទម្លាប់របស់ខ្មែរ។ សំណើ ក៏ដូចជាការបង្ហាញនូវក្តីបារម្ភ របស់ឯកឧត្តម ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាស អញ្ជើញប្រកាសសមាសភាពក្រុមប្រឹក្សាភិបាលអាណត្តិថ្មី និងប្រគល់បណ្ណសរសើរគ្រូឆ្នើម ប្រចាំឆ្នាំ២០២២ ដល់លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ នៃសហព័ន្ធសេវាអប់រំនៅកម្ពុជា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្រៅតែពីបារម្ភរឿងកូនខ្មែរ ដែលសិក្សានៅសាលាអន្តរជាតិ មិនចេះអក្សរខ្មែរហើយនោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ព្រួយបារម្ភរឿងកូនខ្មែរលែងយល់ពីសីលធម៌ និងទំនៀមទម្លាប់ នៃការរស់នៅរបស់ខ្មែរផងដែរ។
ឯកឧត្តមបណ្ឌិត បានបង្ហាញការកត់សម្គាល់របស់លោកថា លោកធ្លាប់តែឃើញកូនខ្មែរកើតនៅអាមេរិក ស្តីឱ្យឪពុកម្តាយពេលមានមតិខុសពីខ្លួន។ តែបច្ចុប្បន្នលោក ក៏បានឃើញស្ថានភាពនេះក្នុងជីវភាពរស់នៅរបស់ក្មេងខ្មែរដែរហើយ។ ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់បែបនេះ «ខ្ញុំធ្លាប់តែឃើញកូនខ្មែរកើតនៅអាមេរិកាំង ជេរឪ ស្តីឱ្យឪ ពេលឪបញ្ចេញមតិខុសពីខ្លួន។ ម៉ោងនេះនៅស្រុកខ្មែរមានហើយ»។
បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន ដែលបញ្ចប់ការសិក្សានៅអាមេរិក និងអង់គ្លេសរូបនេះបន្តថា «ការគោរពចាស់ទុំ សីលធម៌ ការគោរពដឹងគុណជាជំនាញទន់របស់មនុស្ស។ បើមនុស្សមានតែចំណេះដឹង តែបាត់អត្តសញ្ញាណ បាត់វប្បធម៌ក្នុងខ្លួន បាត់តម្លៃក្នុងខ្លួនជាខ្មែរ។ តើយើងធ្វើអ្វី?»។ ឯកឧត្តមបណ្ឌិត បន្តថា «កុំឱ្យកូនខ្មែរអត់ចេះភាសាខ្មែរនៅលើទឹកដីខ្មែរ ភ្លេចវប្បធម៌សីលធម៌ខ្មែរ»។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានស្នើដល់លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ពិនិត្យពិចារណា ដាក់ជាកាតព្វកិច្ចតាមសាលាអន្តរជាតិនានា ឱ្យបង្រៀនភាសាខ្មែរ និងបញ្ចូលការអប់រំផ្នែកសីលធម៌ ទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរជូនដល់សិស្ស។ ជាពិសេសចាប់ពីកម្រិតមត្តេយ្យសិក្សា រហូតដល់ថ្នាក់ទី១២។ ឯកឧត្តម បានលើកឡើងថា គ្មានអ្វីខុស គ្រាន់តែឱ្យកូនខ្មែររៀនភាសាខ្មែរ ស្វែងយល់ពីទំនៀមទម្លាប់ប្រពៃណីខ្មែរ សីលធម៌របស់ខ្មែរនោះទេ។
ឯកឧត្តម ហ៊ុន ម៉ាណែត បានសង្កត់ថា «ពេលមនុស្សបាត់អត្តសញ្ញាណហើយ គឺយ៉ាប់ហើយ។ បើក្មេងជំនាន់នេះ បាត់អត្តសញ្ញាណ បាត់វប្បធម៌ សីលធម៌ ចាំមើលដល់កូនគាត់ គាត់ប្រដៅទូន្មានកូនគាត់របៀបម៉េច?»។ សម្រាប់ឯកឧត្តម ហ៊ុន ម៉ាណែត ការពង្រឹងភាសាខ្មែរ និងបណ្តុះសីលធម៌ វប្បធម៌ខ្មែរ វាមិនធ្វើឱ្យប៉ះពាល់ដល់ទំនើបកម្មនៃការអប់រំនោះឡើយ៕