(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំផែនការការពារ សន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងការប្រកួតកីឡា SEA GAME លើកទី៣២ និងកីឡាជនពិការ ASEAN Para Game លើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មការសន្ដិសុខ និងសណ្ដាប់ធ្នាប់ នៃគណៈកម្មាធិការជាតិ CAMSOC បានរាយការណ៍ថា ក្នុងផែនការការពារនេះ នឹងប្រើប្រាស់កងកម្លាំងមានសមត្ថកិច្ច ជាង១៥,០០០នាក់ មកពី១៥អង្គភាព។
នាយឧត្តមសេនីយ៍ នេត សាវឿន បានអះអាងថា គោលបំណងទីមួយ ត្រូវធានាដាច់ខាតសុវត្ថិភាព និងសន្ដិសុខទាំងស្រុង នៅពេលប្រារព្ធពិធីប្រកួតកីឡាស៊ីហ្គេមនិងកីឡាអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា ទាំងមុន និងក្រោយការប្រកួត។ គោលបំណងទីពីរ លើកកិត្យានុភាពរបស់ប្រទេសកម្ពុជា នៅលើឆាកអន្ដរជាតិ។
សូមជម្រាបថា ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជា នឹងប្រព្រឹត្ដទៅចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ រីឯការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា ចាប់ផ្ដើមការប្រកួតពីថ្ងៃទី៣-០៩ ខែមិថុនា ឆ្នាំ២០២៣៕