(ភ្នំពេញ)៖ ឯកឧត្តម ហង្ស សណ្ដាប់ អនុរដ្ឋលេខាធិការ បានដឹកនាំគណៈប្រតិភូជួរមុខក្រសួងទេសចរណ៍កម្ពុជា ជួបពិភាក្សាជាមួយលោក ស្ស៉ឺ ចឺអ៊ី (Shi Zeyi) អនុប្រធានការិយាល័យផ្លាស់ប្ដូរទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងវប្បធម៌ និងទេសចរណ៍ចិន ដោយបានលើកយកប្រធានបទសំខាន់ៗចំនួន ១០ចំណុច ដែលផ្ដោតលើទេសចរណ៍ វប្បធម៌ កីឡា សិល្បៈ វិនិយោគ និងពាណិជ្ជកម្ម ដែលភាគី កម្ពុជា-ចិន មកពិភាក្សា។
ថ្លែងនៅក្នុងឱកាសនោះភាគីទាំងពីរ បានផ្ដោតលើចំណុចចំណុចសំខាន់ៗ ស្តីអំពីវិស័យទេសចរណ៍ វប្បធម៌ កីឡា សិល្បៈ វិនិយោគ និងពាណិជ្ជកម្មលើចំណុចសំខាន់ៗដូចខាងក្រោម៖ ទី១.អបអរសាទរខួប ៦៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ក្នុងក្របខ័ណ្ឌសហគមន៍ ជោគវាសនា រួមគ្នាតែមួយ។ទី២.ការបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពធនធានមនុស្សជូនមន្ត្រីរាជការ និងភាគីពាក់ព័ន្ធក្នុងវិស័យ ទេសចរណ៍ មានដូចជា មគ្គទេសក៍ទេសចរណ៍ និងបុគ្គលិកជួរមុខ ដែលនិយាយភាសា ចិន ជាពិសេសស្នើសុំភាគីចិនចូល រួមការផ្តល់យោបល់ធាតុចូលថ្មីៗ ដើម្បីធ្វើបច្ចុប្បន្នភាពទៅលើសៀវភៅ (China Ready) ស្របតាម និន្នាការទេសចរណ៍ក្រោយវិបត្តិកូវីដ-១៩។ទី៣.ជំរុញឱ្យមានការហោះហើរត្រង់ពីគោលដៅសំខាន់ៗនៃប្រទេសចិនមកកាន់កម្ពុជា ក្រោយពីកែសម្រួលវិធានការណ៍។ទី៥.លើកទឹកចិត្តការរៀបចំខ្សែទស្សនកិច្ចរបស់ផ្នែកឯកជនក្នុងវិស័យទេសចរណ៍របស់ប្រទេសទាំង២។ទី៦.ជំរុញ ឱ្យមានខ្សែទស្សនកិច្ចទេសចរណ៍ ពិសេសរវាងរដ្ឋ និងឯកជននៃប្រទេសទាំង២។ទី៧.ព្រឹត្តិការណ៍ SEA Games លើកទី៣២ និង ASEAN Para Games លើទី១២ ឆ្នាំ២០២៣។ទី៨.ការរៀបចំព្រឹត្តិការណ៍កីឡាភ្ជាប់ជាមួយវេទិកាធុររកិច្ច វិនិយោគទេសចរណ៍ និងពាណិជ្ជកម្មកម្ពុជា-ចិន។ទី៩.សហការរៀបចំពិព័ណ៌ម្ហូបអាហារ តន្ត្រី វប្បធម៌ កីឡា ដែលមានការចុះបញ្ជីទទួលស្គាល់ពីអង្គការបេតិកភ័ណ្ឌពិភពលោក UNESCO
និងទី១០. ការរួមគ្នាសម្ដែងសិល្ប ក្បាច់ប្រដាល់បុរាណខ្មែរ (ល្បុក្កតោ) និងការសម្តែងក្បាច់គុណចិនសៅលីង (Shaolin) ដែលមានបញ្ជីទទួលស្គាល់ពីអង្គការបេតិកភ័ណ្ឌពិភពលោក UNESCO ថ្មីៗ ដើម្បីអបអរសាទរខួបលើកទី ៦៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន និងឆ្នាំទស្សនាកម្ពុជា ២០២៣។ផែនការសកម្មភាព ២០២៣-២០២៥ បានពិនិត្យ និងឯកភាពក្រោមកម្រិតជំនាញរវាងក្រសួងទាំង ២ដែលបានដឹកនាំឱ្យឯកឧត្តម ថោង រដ្ឋសក្តិ អគ្គនាយកនៃក្រសួងទេសចរណ៍កម្ពុជា បានផ្លាស់ប្តូរយោបល់ក្នុងកិច្ចប្រជុំឧត្តមន្រ្តីទេសចរណ៍អាស៊ានកាលពីពេលថ្មីៗ។ជាក់ស្តែង សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសចិន ចាប់ពីថ្ងៃទី៩-១១ ខែកុម្ភៈនេះ ដែលជាទស្សនកិច្ចជាប្រវត្តិសាស្រ្តមួយរបស់ឥស្សរជនកំពូលបរទេសទី១ មកចិន ក្រោយពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិន ក្នុងន័យរឹតបន្តឹងចំណងមិត្តភាពដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងជំរុញការកសាងសហគមន៍ ជោគវាសនារួម ក្នុងយុគសម័យថ្មី ឱ្យបានកម្រិតថ្មីមួយទៀត។ មិនតែប៉ុណ្ណោះ នេះក៏អាចជាការបង្កើតឱកាសមាសដល់ប្រតិភូក្រសួងទេសចរណ៍កម្ពុជាបានចូលជួបពិភាក្សាការងារផ្ទាល់ជាមួយសាមីក្រសួងក្រោយវិបត្តិកូវីដ១៩៕