អង្គការសុខភាពពិភពលោក (WHO)បានព្រមានពិភពលោកត្រូវតែត្រៀមខ្លួនសម្រាប់លទ្ធភាពផ្ទុះជំងឺផ្តាសាយបក្សីក្នុងចំណោមមនុស្សបន្ទាប់ពីមេរោគនេះបានលោតពីបក្សីទៅថនិកសត្វ។
ករណីមេរោគ H5N1 ត្រូវបានរាយការណ៍រួចហើយនៅក្នុងពពួកសត្វកកេរ សត្វសំពោច និងកញ្ជ្រោង ជាហេតុបង្កការបារម្ភថា មេរោគនេះគឺកាន់តែជិតឆ្លងមកមនុស្សហើយ។
ក្នុងអំឡុងការសង្ខេបខ្លីតាមអនឡាញកាលពីថ្ងៃពុធទី៨កុម្ភៈ អគ្គនាយក WHO លោក តេត្រូស អាដាណុម ហ្គេប្រេយ៉េស៊ូស បានជំរុញឱ្យប្រទេសនានាតាមដានការឆ្លងនៅក្នុងថនិកសត្វឱ្យជិតដល់។
លោកបាននិយាយថា “ហានិភ័យនៃមេរោគលោតមកមនុស្សនៅតែមានកម្រិតទាបនៅឡើយ ប៉ុន្តែយើងមិនអាចសន្មត់ថានឹងនៅតែជាករណីដដែលនោះទេហើយយើងត្រូវតែត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន”។
រឿងនេះកើតឡើងបន្ទាប់ពីចក្រភពអង់គ្លេសបានរាយការណ៍ថា ការផ្ទុះឡើងនៃជំងឺគ្រុនផ្តាសាយបក្សីដ៏ធំបំផុតមិនធ្លាប់មានរបស់ខ្លួនបានរីករាលដាលដល់ថនិកសត្វ។វាក៏មានការផ្ទុះផ្តាសាយបក្សីក្នុងចំណោមសំពោចនៅតំបន់ភាគពាយក្យអេស្ប៉ាញ ដែលបានរាយការណ៍កាលពីខែមុនផងដែរ។
មេរោគ H5N1 ត្រូវបានរកឃើញពីមុនលើមនុស្ស ប៉ុន្តែករណីឆ្លងគឺកើតមានម្តងម្កាល និងត្រូវបានផ្សារភ្ជាប់យ៉ាងជិតដិតទៅនឹងការប៉ះពាល់ជាមួយសត្វស្លាបដែលងាប់ឬរស់។
មេរោគនេះមិនងាយឆ្លងទៅមនុស្សឬថនិកសត្វដទៃនោះទេ។
ប៉ុន្តែរបាយការណ៍នៃការឆ្លងនៅក្នុងចំណោមថនិកសត្វបានបង្កើនការព្រួយបារម្ភថាភ្នាក់ងារបង្កជំងឺនេះអាចបំប្លែងគ្រប់គ្រាន់ដើម្បីងាយស្រួលលោតមកមនុស្សដោយជួយឱ្យវាជម្នះឧបសគ្គដ៏ធំបំផុតដែលបានបញ្ឈប់វាពីឆ្លងរាលដាលទូទាំងពិភពលោក៕