(ភ្នំពេញ)៖ លោក ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រុមការងារនៃនាយកដ្ឋានសារមន្ទីរ បានអញ្ជីញទៅទទួលយកប៉ាន់ដុសពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីយកមករក្សាទុកជាមរតកជាតិសម្រាប់ជាប្រយោជន៍នៃការសិក្សារៀនសូត្រនាពេលអនាគត។
បើតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ប៉ាន់ដុសធ្វើពីដីដុតនេះ ផលិតនៅប្រទេសចិន នារវាងសតវត្សទី១៩-២០។
នាឱកាសនោះផងដែរ សម្តេចតេជោ ក៏បានណែនាំដល់ក្រុមការងារក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឲ្យបន្តការសិក្សាពីសាវតារនៃប៉ាន់ដុសនេះ។ សម្តេចតេជោ ក៏បានពន្យល់លោកតា និងគ្រួសារពីមូលហេតុសំខាន់ៗមួយចំនួន ដែលសម្តេចតេជោមិនរក្សាទុកវត្ថុបុរាណនៅផ្ទះ៖
១. យើងពុំគួររក្សាទុក ឬតាំងវត្ថុបុរាណនៅក្នុងផ្ទះឡើយ ព្រោះវត្ថុបុរាណទាំងនោះ ជាសម្បត្តិវប្បធម៌ជាតិ។
២. អ្នកខ្លះដែលរក្សាទុក អាចនាំមកនៅគ្រោះថ្នាក់ដល់ខ្លួន ព្រោះវត្ថុបុរាណរមែងមានអ្នកកាន់ លុះយើងយកវត្ថុនោះមកព្រលឹងឬអ្នកថែរក្សាយើង អាចមិនពេញចិត្តឬអាក់អន់ចិត្ត ហើយគេចាកចេញពីយើង បណ្តាលឲ្យយើងមានជួបគ្រោះភ័យ។
សូមរម្លឹកផងដែរថា ប៉ាន់ដុសនេះ ជាកម្មសិទ្ធរបស់លោកតាឡុង សារឿន ដែលមានព្រះជន្ម៨៤ឆ្នាំ ហើយកាលពីពេលថ្មីៗនេះ លោកតាបានអំពាវនាវដល់អ្នកសារព័ត៌មានឲ្យជួយផ្សព្វផ្សាយដំណឹងថា លោកតាចង់ប្រគល់ប៉ាន់នេះជូនសម្តេច។ មូលហេតុដែលលោកតាប្រគល់ប៉ាន់នេះជូនសម្តេចតេជោ ព្រោះលោកតានិងគ្រួសារយល់ថា ជាការតបស្នងដឹងគុណចំពោះសម្តេចដែលបានលះបង់កម្លាំងកាយចិត្តក្នុងការការពារនិងស្វែងរកសន្តិភាពជូនប្រជារាស្ត្រនារយៈកាលជាង៤០ឆ្នាំកន្លងមកនេះ៕