(បាត់ដំបង)៖ ជារៀងរាល់ឆ្នាំបញ្ហាទីផ្សារដំឡូងមី គឺជាក្តីបារម្ភរបស់ប្រជាកសិករទូទៅ តែសម្រាប់ឆ្នាំ២០២៣នេះ តម្លៃដំឡូងមី បានហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ ដែលបានធ្វើឲ្យប្រជាកសិករដែលបានធ្វើការដាំដុះដំណាំដំឡូងមីនៅក្នុងស្រុករតនមណ្ឌលនៃខេត្តបាត់ដំបង បានបង្ហាញនូវភាពសប្បាយរីករាយ ខណៈពេលដែលទីផ្សារផលិតផលដំឡូងមី របស់គាត់ គិតត្រឹមថ្ងៃនេះមានតម្លៃល្អជាងឆ្នាំណាៗទាំងអស់ ។ កសិករប្រកបរបរដាំដំណាំដំឡូងមីនៅភូមិបាដាកជើង ឃុំរស្មីសង្ហា ស្រុករតនមណ្ឌល លោក រឿន កុយ បានបញ្ជាក់ថា ឆ្នាំនេះក្រុមគ្រួសារលោក ដាំដំឡូងមីបានតែជាង២ហ.តប៉ុណ្ណោះ ដោយប្រមូលផលបានជាង៤០តោន និងលក់ចេញបានតម្លៃរហូតដល់៤០០រៀលក្នុង១គ.ក្រ ជាដំឡូងស្រស់ ខណៈឆ្នាំមុនមានតម្លៃត្រឹមតែ៣០០រៀលប៉ុណ្ណោះក្នុង១គ.ក្រ ជាដំឡូងស្រស់ដូចគ្នា ។
ចំណែកឈ្មួញកណ្តាលឈរជើងនៅភូមិភ្នំស្លឹក ឃុំស្តៅ ស្រុករតនមណ្ឌល អ្នកស្រី ហុង ចិន្តា បានឲ្យដឹងថា ការប្រមូលទិញដំឡូងមីបានចាប់ផ្តើមតាំងពីដើមខែធ្នូ ឆ្នាំ២០២២មកម៉្លេះ ហើយបើផ្ទៃមេឃអំណោយផលល្អ អាចបន្តការទិញរហូតដល់ពាក់កណ្តាលខែមិនា ឆ្នាំ២០២៣ទើបអស់ ។ អ្នកស្រី ក៏បានទទួលស្គាល់ដែរថា តម្លៃដំឡូងមីឆ្នាំនេះ គឺពិតជាឡើងខ្ពស់ជាងឆ្នាំមុនៗ ដែលអាចឲ្យប្រជាកសិករមានប្រាក់ចំណេញបានគួរសមផងដែរ ។
ប្រធានការិយាល័យកសិកម្មស្រុករតនមណ្ឌល លោក នូ ប្រណិត បានបញ្ជាក់ថា សម្រាប់ប្រជាកសិករនៅក្នុងស្រុកសំឡូត បានធ្វើការដាំដុះដំណាំដំឡូងមីជាង២ម៉ឺន៤០០០ហ.ត និងមានការខូចខាតជាង១០០០ហ.ត ដោយសារនៅចុងរដូវឆ្នាំនេះ មានទឹកភ្លៀងធ្លាក់មកច្រើនពេក ធ្វើឲ្យការងារដាំដុះនៅតាមតំបន់ទំនាបដក់ទឹកធ្វើឲ្យប៉ះពាល់ដល់ផលិតផលនៃដំឡូងមី និងមានការបាត់បង់ទិន្នផលផងដែរ ។ លោក ប្រធានការិយាល័យកសិកម្មស្រុករតនមណ្ឌល បានបន្តថា ក្នុងនាមមន្ត្រីជំនាញ នឹងចុះធ្វើការផ្សព្វផ្សាយដល់ប្រជាកសិករបន្ថែមទៀតទាំងលក្ខណៈបច្ចេកទេសនៃការដាំដុះ ក៏ដូចជាការផ្សព្វផ្សាយនូវព័ត៌មានទីផ្សារមួយចំនួន ពិសេសការជ្រុំជ្រែងក្នុងការបង្កើតជាបណ្តុំសហគមន៍កសិកម្មជូនប្រជាកសិករ ដើម្បីឈានទៅរកការពង្រឹងទីផ្សារលើផលិតផលដំណាំគ្រប់ប្រភេទឲ្យមានលក្ខណៈទាំងគុណភាព បរិមាណ និងសុវត្ថិភាពស្របតាមបទដ្ឋានរបស់ក្រសួង ក្នុងការឈានឆ្ពោះទៅរកទីផ្សារបានល្អប្រសើរថែមទៀត ៕