(ប៉ៃលិន)៖នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ ២០២៣ កម្លាំងនគរបាលចរាចរណ៍ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទួលល្វា ចុះរៀបចំសណ្តាប់ធ្នាប់ និងជួយសម្រួលចរាចរណ៍ ពេលសិស្សានុសិស្ស ចេញពីសាលារៀន។
បើតាមលោកវរៈសេនីយ៍ឯក យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន បានឲ្យដឹងថា៖ យោងតាមបទបញ្ជា និងការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន ព្រមទាំងការស្នើសុំពីអាណាព្យាបាលសិស្ស ទើបកម្លាំងនគរបាលចរាចរណ៍ក្រុង សហការជាមួយកម្លាំងនគរបាលប៉ុស្ត៍រដ្ឋបាលទួលល្វា ចុះរៀបចំ និងជួយសម្រួលចរាចរណ៍ ដល់សិស្សានុសិស្ស ដែលចេញពីសាលារៀន ការដើរឆ្លងថ្នល់ ដោយសុវត្ថិភាព ចៀសវាងគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងជាយថាហេតុ ឬគ្រោះថ្នាក់ផ្សេងៗ ដល់ពួកគាត់ផងដែរ។ លោកអធិការនគរបាលក្រុងប៉ៃលិន បានបន្តទៀតថា៖ ការចុះសម្រួលចរាចរណ៍នេះ ធ្វើឡើងចំនួន២ថ្ងៃ ក្នុងមួយសប្តាហ៍ ឬអាចច្រើនជាងនេះ គឺដើម្បីកាត់បន្ថយ និងបញ្ចៀស នូវគ្រោះថ្នាក់ចរាចរណ៍ ជាយថាហេតុ ដែលកើតឡើង ចំពោះពលរដ្ឋ រួមទាំងសិស្សានុសិស្ស នៅទូទាំងក្រុងប៉ៃលិន ស្របទៅតាមអនុសាសន៍ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអំពាវនាវថា «ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍»។ ជាមួយគ្នានេះលោកអធិការ ក៍អំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សទាំងអស់ សូមមេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា គឺកុំបើកបរលើសល្បឿនកំណត់ កុំពិសាគ្រឿងស្រវឹង ពេលបើកបរយានយន្ត កុំវ៉ាជែងតំបន់ផ្លូវកោង(គ្រោះថ្នាក់) ពេលបើកបរ ត្រួវមានមួកសុវត្ថិភាព និងកញ្ចក់មើលក្រោយ ពិសេសមួកមួយអាចការពារអាយុជីវិតមួយផងដែរ៕