នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ រដ្ឋបាលខេត្តប៉ៃលិនបានបើកសិក្ខាសាលាស្តីពី វឌ្ឍនភាពការងារ របស់ក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភខេត្តប៉ៃលិន ឆ្នាំ២០២២ និងទិសដៅការងារអនុវត្តឆ្នាំ២០២៣ ក្រោមអធិបតីយភាពឯកឧត្តម ជូ ប៊ុនហៀង អគ្គលេខាធិការរងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ និងលោក ហែម ឬទ្ធី អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ព្រមទាំងមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ អភិបាលរងក្រុង សមាជិកសមាជិកា ក្រុមការងារក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទខេត្ត មេឃុំចៅសង្កាត់ទាំងប្រាំបី និងអង្គការដៃគូរផងដែរ។
បន្ទាប់ពីលោក ទិត ធី នាយកទីចាត់ការអន្តរវិស័យខេត្តបានអានសារលិខសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជាតិអាហារូបត្ថម្ភ លើកទី៩ ថ្ងៃ៦ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមប្រធានបទ “ ម្ហូប អាហារកាន់តែមានសុវត្ថិភាព សុខភាពកាន់តែល្អ ប្រសើរ “រួចមក ឯកឧត្តម ជូ ប៊ុនហៀង អគ្គលេខាធិការរងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទបានមានប្រសារលើកឡើងថា៖ អង្គសិក្ខាសាលានាពេលនេះមានគោលបំណងគឺ៖ ទី១.បង្កើនការយល់ដឹងនិងចូលរួមអនុវត្តន៍នៃយុទ្ធសាស្ត្រជាតិសន្តិសុខស្បៀង និងអាហារូបត្ថម្ភលើកទី២ ឆ្នាំ២០១៩-២០២៣ នឹងជាពិសេសចូលរួមអនុវត្តទៅតាមផែនទីបង្ហាញផ្លូវស្តីពី ប្រព័ន្ធស្បៀងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជាឆ្នាំ២០៣០។ ទី២.ផ្សព្វផ្សាយសារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា ក្នុងឱកាស ទិវាជាតិអាហារូបត្ថម្ភ លើកទី៩ ថ្ងៃ៦ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមប្រធានបទម្ហូបអាហារកាន់តែមាន សុវត្ថិភាព សុខភាពកាន់តែល្អប្រសើរ។ ទី៣. បង្ហាញពីសមិទ្ធផលការងារ និងបញ្ហាប្រឈមដែលបាន អនុវត្តក្នុងឆ្នាំ២០២២ របស់ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទខេត្ត។ ទី៤.រៀបចំផែនការសកម្មភាពរួមសម្រាប់អនុវត្តក្នុងឆ្នាំ ២០២៣។ ឯកឧត្តមបានបន្តថា៖ ឈរលើស្មារតីនេះ រាជរដ្ឋាភិបាលបានផ្ដល់អាទិភាពខ្ពស់ និងចាត់ទុកវិស័យសន្តិសុខស្បៀងនិង អាហារូបត្ថម្ភជាបញ្ហាអន្តរវិស័យមួយដ៏មានសារៈសំខាន់ ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍមូលធន ធនធានមនុស្ស សេដ្ឋកិច្ច ភាពចម្រុងចម្រើននៃសង្គមជាតិ និងសមធម៌សង្គម ។ ហើយរាជរដ្ឋាភិបាលនីតិកាល ទី៦ នៃរដ្ឋសភា បានខិតខំយកចិត្តទុកដាក់ធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសន្តិសុខស្បៀង និង អាហារូបត្ថម្ភរបស់ប្រជាជន ហើយបានចាត់ទុកសន្តិសុខស្បៀង និងអាហារូបត្ថម្ភ គឺជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ។ ឯកឧត្តមបានបន្តទៀតថា÷ សន្តិសុខស្បៀង និង អាហារូបត្ថម្ភ គឺជាបញ្ហាអន្តរវិស័យតម្រូវឲ្យមានកិច្ចសហការល្អ ការសម្របសម្រួល ការអន្តរាគមន៍ និងការវិនិយោគនៅក្នុងវិស័យកសិកម្ម សុខាភិបាល អប់រំ ទឹកស្អាតនិងអនាម័យ ឧស្សាហកម្ម និងពាណិជ្ជកម្ម ការគ្រប់គ្រងធនធានទឹក គាំពារសង្គម យេនឌ័រ បរិស្ថាន និងវិស័យពាក់ព័ន្ធនានា។ ហើយកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងក្រសួងស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជន សហគមន៍ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្រុមយុវជន អ្នកសារព័ត៌មាន ដើម្បីអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រតាមវិស័យ និងអន្តរវិស័យគឺជាកត្តាចាំបាច់ ដើម្បីដោះស្រាយភាព ស្មុគស្មាញនៃឫសគល់អសន្តិសុខស្បៀង និងបញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់។
លោក ហែម ឫទ្ធី អភិបាលរងខេត្តបានមានប្រសាសន៍ថា៖ ដើម្បីដោះស្រាយបញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់សម្រាប់យើងទាំងអស់គ្នា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជាបានប្ដេជ្ញាខិតខំសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ដោយចីរភាពឆ្នាំ២០៣០ ។ ហើយការយល់ដឹងពីសារៈសំខាន់នៃវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ គឺជាមូលដ្ឋានគ្រឹះសម្រាប់អភិវឌ្ឍន៍មូលធនមនុស្ស សេដ្ឋកិច្ច និងសង្គមជាតិ។ លោកបានបន្តថា៖ ដូចនេះយើងត្រូវបង្កើនចំណេះដឹងដល់សមាជិកក្រុមដឹកនាំសម្របសម្រួល វិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ ឱ្យយល់ដឹងអំពីសារៈសំខាន់ និងលើកស្ទួយវិស័យនេះសម្រាប់ការអភិវឌ្ឍនៅមូលដ្ឋាន និងជំរុញឱ្យពួកគាត់ចេះវិភាគ និងចាត់អាទិភាព វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ព្រមទាំងបញ្ជ្រាបការងារសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ទៅក្នុងដំណើរការកសាងផែនការររបស់មន្ទីរ ការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគឃុំ សង្កាត់ និងការកៀរគរធនធានថវិកា និងធនធានមនុស្សនានាទាំងក្នុង និងក្រៅសហគមន៍ សម្រាប់លើកកម្ពស់វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ជាពិសេសអាហារប្រកបដោយសុខភាពសម្រាប់ កុមារ ស្ត្រីបំបៅដោះកូនដោយទឹកម្តាយ និងស្ត្រីមានផ្ទៃពោះ។ លោកអភិបាលរងបានអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់ ពិសេសលោកមេឃុំ ចៅសង្កាត់ទាំងអស់ត្រូវរួមគ្នាសហការចូលរួមជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ និងសហការជាមួយក្រុមការងារសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហាររូបត្ថម្ភដើម្បីយើងរួមគ្នាបញ្ចប់នូវភាពអត់ឃ្លាន សម្រេចឱ្យបានសន្តិសុខស្បៀង ធ្វើឱ្យប្រសើរឡើងស្ថានភាពអាហារូបត្ថម្ភ និងលើកកម្ពស់កសិកម្មប្រកបដោយចីរភាព” ៕