(អាមេរិក)៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken កាលពីថ្ងៃអង្គារ បាននិយាយថា សហរដ្ឋអាមេរិកផ្តោត លើការផ្តល់ជំនួយ និងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ នៅក្នុងប្រទេសទួរគី បន្ទាប់ពីគ្រោះរញ្ជួយដីដ៏មានឥទ្ធិពលបណ្តាល ឲ្យមនុស្សរាប់ពាន់នាក់ស្លាប់នៅទូទាំងតំបន់ប្រទេសទួរគី និងប្រទេសជិតខាងស៊ីរី។
លោក Blinken អ្នកការទូតកំពូលរបស់រដ្ឋបាលលោក Joe Biden បានសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសទួរគីលោក Mevlut Cavusoglu តាមទូរស័ព្ទដើម្បីផ្តល់ជំនួយក្នុងប្រតិបត្តិការសង្គ្រោះ និងសា្តរឡើងវិញ។ នៅពេលដែលទំហំនៃគ្រោះមហន្តរាយកាន់តែច្បាស់លាស់ ចំនួនអ្នកស្លាប់ទំនងជាកើនឡើង ខណៈមន្ត្រីអង្គការសហប្រជាជាតិម្នាក់បាននិយាយថា កុមាររាប់ពាន់នាក់អាចស្ថិតក្នុងចំណោមអ្នកស្លាប់។ ក្រុមឆ្លើយតបជំនួយគ្រោះមហន្តរាយរបស់ទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក (USAID) បានឡើងលើយន្តហោះ C-17 Globemaster III ឆ្ពោះទៅកាន់ប្រទេសទួរគីដើម្បីជួយក្នុងកិច្ចខិតខំប្រឹងប្រែងសង្គ្រោះ បន្ទាប់ពីរញ្ជួយដីដ៏ខ្លាំងវាយប្រហារប្រទេសទួរគី និងស៊ីរី។សមាជិកកងទ័ពអាកាសមកពីកងពលធំទី៤៣៦ បានជួយទុកដាក់គ្រឿងផ្គត់ផ្គង់ជាច្រើននៅលើយន្តហោះ របស់កងទ័ពអាកាសសហរដ្ឋអាមេរិកដើម្បីជួយក្នុងប្រតិបត្តិការសង្គ្រោះ។ អ្នកគ្រប់គ្រងទីភ្នាក់ងារអង្គការ USAID លោកស្រី Samantha Power បានចូលរួមរំលែកទុក្ខដល់ប្រជាជនស៊ីរី និងទួរគី និងបាននិយាយថា សហរដ្ឋអាមេរិកបានប្តេជ្ញាចិត្តគាំទ្រកិច្ចខិតខំប្រឹងប្រែងសង្គ្រោះពីការរញ្ជួយដីនេះក្នុងស្ថានភាពបន្ទាន់៕