(បាល់ទាត់)៖ អាហ្សង់ទីន ស៊ីលី អ៊ុយរូហ្កាយ និងប៉ារ៉ាហ្កាយ បានប្រកាសពីការរួបរួមគ្នា ក្នុងការដេញថ្លៃធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០៣០។ អ៊ុយរូហ្កាយគឺជាម្ចាស់ផ្ទះដំបូងគេបង្អស់ នៃពានរង្វាន់បាល់ទាត់ពិភពលោក តាំងពីឆ្នាំ១៩៣០ ខណៈដែលអ៊ុយរូហ្កាយចង់យក World Cup មករៀបចំម្តងទៀត ដើម្បីអបអរខួប ១00ឆ្នាំគត់។
ប្រធានសហព័ន្ធបាល់ទាត់អាមេរិកខាងត្បូងលោក Alejandro Dominguez បាននិយាយថា នេះជាសុបិនរបស់ទ្វីបអាមេរិកខាងត្បូងទាំងមូល។ ១០០ឆ្នាំឆ្ងាយពីផ្ទះដូច្នេះ World Cup នឹងត្រលប់មកវិញនៅទឹកដីដែលព្រឹត្តិការណ៍បាន ចាប់ផ្តើមដំបូង។ ក្រៅពីអ៊ុយរូហ្កាយ ស៊ីលីក៏ធ្លាប់ធ្វើម្ចាស់ផ្ទះ World Cup ដែរកាលពីឆ្នាំ១៩៦២ ខណៈអាហ្សង់ទីនឆ្នាំ១៩៧៨។
World Cup 2022 ឆ្នាំនេះនឹងរៀបចំនៅប្រទេសកាតា ខណៈ World Cup បន្ទាប់ឆ្នាំ២០២៦ នឹងធ្វើនៅទឹកដីអាមេរិកខាងជើងមានសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក។ យ៉ាងណាក្តី ៤ប្រទេសនេះត្រូវប្រជែងជាមួយបេក្ខភាពផ្សេងទៀត រួមមានអេស្ប៉ាញរួមគ្នាជាមួយព័រទុយហ្កាល់ ខណៈម៉ារ៉ុក និងអារ៉ាប៊ីសាអ៊ូឌីតក៏កំពុងពិចារណារួមគ្នាដាក់ដេញថ្លៃផងដែរ។ FIFA គ្រោងនឹងប្រកាសប្រទេសឈ្នះសិទ្ធិរៀបចំ World Cup 2030 នៅឆ្នាំ២០២៤៕