(ភ្នំពេញ)៖ ប្រទេសកម្ពុជា បានស្កេនរកឃើញកាកសំណល់ជាតិផ្ទុះ បន្សល់ទុកពីសម័យសង្គ្រាម ដែលបានធ្លាក់រាយប៉ាយក្នុងផ្ទៃទឹក ប្រមាណជាង ១ម៉ឺនហិកតា នៅតាមបណ្ដាខេត្តមួយចំនួនភាគច្រើន ជាគ្រាប់ដែលទម្លាក់ពីយន្តហោះ ដោយសហរដ្ឋអាមេរិក ។
ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) មានប្រសាសន៍ថា តាមរយៈការទទួលព័ត៌មាននានា គឺគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងអស់នោះ មានរាយប៉ាយនៅចំនួនជាង ៣០០ទីតាំង ប៉ុន្តែមន្ត្រីជំនាញបានស្កែនរុករកឃើញតែចំនួន ១៩៤ទីតាំងប៉ុណ្ណោះ ។
ឯកឧត្តម បានបន្តថា សម្រាប់ទីតាំង ដែលបានរកឃើញទាំងអស់នោះ គឺកម្លាំងនានា បានធ្វើការបោសសំអាតបានមួយចំនួនហើយ ក្នុងនោះមាននៅខេត្តកំពង់ឆ្នាំង បានបញ្ចប់មួយជំហានធំ នៅតំបន់មាន់១០ ស្ថិតក្នុងខេត្តកំពង់ចាម កម្លាំងនានា បានបញ្ចប់ការបោសសំអាតរួចរាល់ ដោយរហូតមកដល់ពេលនេះ ការរុករកសំណល់ជាតិផ្ទុះនៅតាមផ្ទៃទឹក ចាបផ្ដើមអនុវត្តចំនួនបាន ៣ការដ្ឋានហើយ ។
បច្ចុប្បន្នកងកម្លាំងស៊ីម៉ាក់ និងអង្គភាពពិសេស៩១១ កំពុងប្រតិបត្តិការបោសសំអាតសំណល់ជាតិផ្ទុះ នៅតំបន់កោះពាមរាំង ស្ថិតក្នុងឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង ដោយចាប់តាំងពីខែមិនា ឆ្នាំ២០២២មក បានរកឃើញគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួនជាង ២ ៧០០គ្រាប់ បំណែកនាវាលិចទឹកចំនួនជាង ៦ ៦០០គីឡូគ្រាម សរុបទាំងអស់មានជាង ៤០តោន ហើយសម្រាប់ការបោសសំអាតនៅទីតាំងនេះ គឺតម្រូវឲ្យបូមខ្សាច់ជាមុនសិន ។
គួរបញ្ជាក់ថា នាប៉ុន្មានឆ្នាំមកនេះ កម្លាំងស៊ីម៉ាក់ និងប្រតិបត្តិករនានា បានរកឃើញជាបន្តបន្ទាប់ នូវសំណល់ជាតិផ្ទុះនៅក្នុងបាតទន្លេ ខណៈដែលកាលពីឆ្នាំ២០២២ បានរកឃើញគ្រាប់ដ៏ធំមួយ ដែលមានទម្ងន់រហូតដល់ប្រមាណ ១តោន នៅទីតាំងក្នុងទន្លេចតុមុខ ខាងមុខព្រះបរមរាជវាំង ៕