(ភ្នំពេញ)៖ អង្គរសង្រ្កាន្តឆ្នាំ ២០២៣ នឹងរៀបចំជាថ្មី ក្រោយខកខានជាច្រើនឆ្នាំកន្លងទៅនេះ។ ការវិលត្រឡប់ជាថ្មី ជាគម្រប់ខួប១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត។ ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ ២០២៣នេះ ក៏នឹងមានការគ្រោងបំបែកកំណត់ត្រាពិភពលោកចំនួនពីរ ដែលត្រូវការអ្នកចូលរួមច្រើនលើសលប់ លើសពីចំនួនអ្នកចូលរួមបំបែកកំណត់ត្រាពិភពលោករាំម៉ាឌីហ្សុនកាលពីឆ្នាំ២០១៥ និងកំណត់ត្រានំអន្សមយក្សទៅទៀត។ នេះជាការបញ្ជាក់របស់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។
សហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តជាថ្មីនៅថ្ងៃទី១៣- ១៤- ១៥ ខែមេសា ឆ្នាំ២០២៣ខាងមុខ។ អង្គរសង្រា្កនឆ្នាំ ២០២៣ ជាគម្រប់ខួប ១០ ឆ្នាំរបស់ខ្លួន ក្រោយខកខានរៀបចំតាំងពីឆ្នាំ២០១៩ មកម្ល៉េះ។ ការវិលត្រឡប់ជាថ្មី នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត នឹងក្លាយជាព្រឹត្តិការណ៍ជួបជុំដ៏ធំរបស់មហាគ្រួសារខ្មែរ ហើយក៏ជាព្រឹត្តិការណ៍ផ្សព្វផ្សាយពីភាពអស្ចារ្យនៃវប្បធម៌ អរិយធម៌ខ្មែរ ដែលនឹងធ្វើឡើងក្រោមប្រធានបទ “ក្ដីស្រម៉ៃ និងក្ដីសង្ឃឹម”។
ព្រឹត្តិការណ៍អង្គរសង្រ្កាន្តក្នុងឆ្នាំនេះ ក៏នឹងគ្រោងបំបែកកំណត់ត្រាពិភពលោកថ្មីចំនួនពីរផងដែរ។ ប៉ុន្តែ ពុំទាន់មានការបញ្ជាក់ច្បាស់ ថាកម្ពុជាគ្រោងបំបែកកំណត់ត្រាពិភពលោកអ្វីនោះទេ។ លោកជំទាវ ដាំ ដារីនី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ខ្លីថា ការបំបែកកំណត់ត្រាពិភពលោកទាំងពីរនេះ គឺត្រូវការអ្នកចូលរួមច្រើនលើសលប់ ដោយចំនួននោះគឺលើសពីចំនួនអ្នកចូលរួមបំបែកកំណត់ត្រារាំម៉ាឌីហ្សុន កាលពីឆ្នាំ ២០១៥ និងការបំបែកកំណត់ត្រានំអន្សមយក្សទៅទៀត ខណៈដែលការបំបែកកំណត់ត្រាពិភពលោករាំម៉ាឌីហ្សុនកាលពីឆ្នាំ ២០១៥កន្លងទៅ គឺមានអ្នកចូលរួមចំនួន ២០១៥នាក់ រីឯនំអន្សមយក្សមានទម្ងន់រហូតដល់ ៤០៤០ គីឡូក្រាម។ជុំវិញការរៀបចំព្រឹត្តិការណ៍នេះ ឯកឧត្តម សុខ សប្បាយណា ប្រធានក្រុមប្រតិបត្តិព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ធ្លាប់បានលើកឡើងដែរថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅក្នុងឆ្នាំ ២០២៣នេះ កាន់តែធំជាងបណ្ដាឆ្នាំមុនៗ។ អង្គរសង្រ្កាន្តឆ្នាំ ២០២៣ នឹងមានការប្រមូលផ្ដុំកម្មវិធី ព្រឹត្តិការណ៍ និងតួអង្គនិមិត្តរូបសំខាន់ៗ (តាមឆ្នាំនីមួយៗនៃអង្គរសង្រ្កាន្ត) ក៏ដូចជាវត្ថុពិសេសៗ (វត្ថុយក្ស) មកជួបជុំគ្នា ដែលឆ្លុះបញ្ចាំងតាមរយៈកម្មវិធីចំនួន៤៤កម្មវិធី នៅតាមទីតាំង ឬតំបន់ចំនួន ៦ផ្សេងគ្នា និងមានកំណើនយុវជនស្ម័គ្រចិត្តជាច្រើនចូលរួម៕