(អ៊ុយក្រែន)៖ ប្រទេសអាល្លឺម៉ង់ ដាណឺម៉ាក និងហូឡង់ គ្រោងបញ្ជូនរថក្រោះ Leopard 1 យ៉ាងតិច១០០គ្រឿងទៅឲ្យអ៊ុយក្រែន ខណៈទីក្រុងបែរឡាំង បានយល់ព្រមលើការនាំចេញរថក្រោះរហូតដល់ទៅ១៧៨គ្រឿងឯណោះ។យោងតាមសេចក្តីថ្លែងការណ៍រួមពីរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងបី, ពួកគេនឹងផ្តល់រថក្រោះ Leopard 1 ប្រភេទ A5 យ៉ាងតិច១០០គ្រឿង ពីស្តុកឧស្សាហកម្ម ខណៈក្រុមដំបូងនៃរថក្រោះទាំងនេះ នឹងត្រូវដឹកជញ្ជូនទៅក្នុងរយៈពេលពីរបីខែខាងមុខ។
យ៉ាងណាក្តី ទាំងនេះគឺជារថក្រោះប្រភេទ A5 ស៊េរីចាស់ និងជារថក្រោះដែលជួសជុលឡើងវិញ។សេចក្តីថ្លែងការណ៍បាននិយាយថា គំនិតផ្តួចផ្តើមនេះ រួមមានទាំងការបណ្តុះបណ្តាលអំពីប្រតិបត្តិការលើរថក្រោះ Leopard 1 A5 ក៏ដូចជា គ្រឿងបន្លាស់ និងកញ្ចប់គ្រាប់រំសេវផងដែរ។
ក្រៅពីប្រទេសទាំង៣, បែលហ្ស៊ិកក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចូលរួមផងដែរ ហើយគំនិតផ្តួចផ្តើមនេះគឺបើកចំហសម្រាប់ដៃគូបន្ថែមទៀត។ នេះបើយោងតាមសេចក្តីថ្លែងការណ៍។តាមដែលក្រសួងការពារជាតិ និងសេដ្ឋកិច្ចអាល្លឺម៉ង់បានបញ្ជាក់កាលពីថ្ងៃអង្គារ, ក្រសួងសេដ្ឋកិច្ចបានចេញអាជ្ញាប័ណ្ណនាំចេញដល់ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ សម្រាប់ការនាំចេញរថក្រោះប្រយុទ្ធសំខាន់ Leopard 1 A5 ចំនួន ១៧៨គ្រឿងទៅឲ្យអ៊ុយក្រែន។ ទោះបីជាយ៉ាងណាក៏ដោយ រថក្រោះទាំងនេះគឺបានមកពីស្តុកឧស្សាហកម្ម ហើយសម្រាប់រថក្រោះភាគច្រើន គឺនៅតែត្រូវការជួសជុលជាមុនសិន៕
ប្រភព៖ Politico