(អាមេរិក)៖ មន្ទីរបញ្ចកោណ បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារថា ប្រទេសចិនបានច្រានចោលការសន្ទនាតាមទូរស័ព្ទ ជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin ក្រោយការបាញ់ទម្លាក់បាឡុងរបស់ចិន ដែលទីក្រុងវ៉ាស៊ីនតោនសង្ស័យថាជាបាឡុងចារកម្ម។
យោងតាមមន្ទីរបញ្ចកោណ ក្រសួងការពារជាតិអាមេរិក បានដាក់សំណើ សម្រាប់ការសន្ទនាតាមទូរស័ព្ទរវាងលោក Austin និងប្រមុខការពារជាតិចិនលោក Wei Fenghe ភ្លាមៗ ក្រោយយន្តហោះចម្បាំងអាមេរិកបាញ់ទម្លាក់បាឡុងកាលពីរសៀលថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ។ ប៉ុន្តែចិនបានច្រានចោលសំណើនេះ។ ឧត្តមសេនីយ៍ទោ និងអ្នកនាំពាក្យមន្ទីរបញ្ចកោណលោក Pat Ryder បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ថា យើងជឿថា ការបើកចំហរខ្សែបន្ទាត់ទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងចិនមានសារៈសំខាន់ណាស់ ក្នុងការគ្រប់គ្រងទំនាក់ទំនងប្រកប ដោយការទទួលខុសត្រូវ។ ទីក្រុងប៉េកាំងបាននិយាយថា បាឡុងនេះគឺជាបាឡុងស៊ីវិល ប្រើសម្រាប់ឧតុនិយម និងគោលបំណងវិទ្យាសាស្ត្រ ហើយថា ការសម្រេចចិត្តបាញ់ទម្លាក់នេះគឺជាការបញ្ចេញប្រតិកម្មហួសហេតុ៕