(ភ្នំពេញ)៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ (CAMSOC/CAMAPGOC) បានចាត់ទុកវិស័យសារព័ត៌មាន ឬប្រព័ន្ធផ្សព្វផ្សាយគឺជាផ្នែកមួយដ៏សំខាន់ ក្នុងការធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងពីកម្ពុជាបច្ចុប្បន្នទៅកាន់ពិភពលោក ក្នុងការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ នាពេលឆាប់ៗខាងមុខ។ថ្លែងក្រោយកិច្ចប្រជុំជាមួយគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយនៅដើមសប្ដាហ៍នេះ ឯកឧត្តមបានលើកឡើងថា បច្ចុប្បន្នពិភពលោកកំពុងផ្ដោតចក្ខុមកកម្ពុជា តាមរយៈមហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បន្ទាប់ពីកម្ពុជារង់ចាំអស់រយៈពេល ៦៤ឆ្នាំ ក្នុងនោះក៏ដោយសារការផ្សព្វផ្សាយយ៉ាងទូលំទូលាយរបស់សារព័ត៌មានជាតិ និងអន្ដរជាតិ។ ហេតុនេះ កម្ពុជាបានយកចិត្តទុកដាក់ខ្ពស់លើការរៀបចំប្រព័ន្ធផ្សព្វផ្សាយនានា ដើម្បីជំរុញការផ្សព្វផ្សាយពីព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមផង និងភាពរីកចម្រើនរបស់កម្ពុជាក្រោមម្លប់សន្ដិភាពផង។ យ៉ាងណាក្ដី មុនព្រឹត្តិការណ៍កីឡាថ្នាក់តំបន់ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជាមកដល់ គណៈកម្មាធិការជាតិ CAMSOC ក៏គ្រោងនឹងកោះប្រជុំជាមួយបណ្ដាប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ពិសេសគ្រប់ទូរទស្សន៍ក្នុងស្រុកដើម្បីពិភាក្សា និងស្វែងយល់ពីលទ្ធភាពក្នុងការផ្សព្វផ្សាយ។ លើសពីនេះCAMSOC ក៏គ្រោងនឹងបើកវគ្គបណ្ដុះបណ្ដាលពីវិជ្ជាជីវសារព័ត៌មានកីឡា និងការផ្ដិតយករូបភាពកីឡា ដែលជំរុញដល់ការផ្សព្វផ្សាយឲ្យកាន់តែមានគុណភាពប្រសើរ ស្របតាមនិយាមកីឡាអន្ដរជាតិទៀតផង។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៨ ខែកុម្ភៈនេះ កម្ពុជានៅសល់ ៨៦ថ្ងៃទៀតប៉ុណ្ណោះ សម្រាប់ការត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា មុនបន្ដរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ។ ចំពោះការចុះឈ្មោះសារព័ត៌មានជាតិ-អន្ដរជាតិ និងប្រព័ន្ធផ្សព្វផ្សាយនានា សម្រាប់ចូលរួមព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនេះគ្រោងនឹងចាប់ផ្ដើមនៅខែមីនាខាងមុខ៕