(ភ្នំពេញ)៖កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ម្សិលមិញ ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ បានបញ្ជាក់ថា កម្ពុជានឹងប្រឹងប្រែងទាក់ទាញភ្ញៀវទេសចរចិន ឱ្យបានពី៨០ម៉ឺននាក់ទៅ១លាននាក់ ក្នុងឆ្នាំ២០២៣នេះ បន្ទាប់បានស្វាគមន៍ភ្ញៀវទេសចរចិន១២៥នាក់ ដែលមកពីទីក្រុងប៉េកាំង នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។ ឯកឧត្ដម ថោង ខុន បានបញ្ជាក់បែបនេះ ក្នុងឱកាសទទួលស្វាគមន៍ ចំពោះភ្ញៀវទេសចរចិន ដែលមកពីទីក្រុងប៉េកាំង ក្រោយរដ្ឋាភិបាលចិន បើកឱ្យប្រជាជនធ្វើដំណើរចេញក្រៅប្រទេសឡើងវិញ ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣។ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថា៖«បន្ទាប់ពីការមកដល់របស់ភ្ញៀវទេសចរចិនលើកដំបូងនេះ យើងនឹងប្រឹងប្រែងទាក់ទាញភ្ញៀវទេសចរចិនឱ្យបានពី ៨០ ម៉ឺននាក់ទៅ ១ លាននាក់ក្នុងឆ្នាំ២០២៣នេះ»។
ឯកឧត្តមបានអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ មូលដ្ឋានអាជីវកម្ម ក្នុងវិស័យទេសចរណ៍ អ្នកបម្រើការក្នុងវិស័យទេសចរណ៍ ត្រូវអនុវត្តតាមគោលការណ៍ដែលមានស្រាប់ ដើម្បីទទួលបដិសណ្ឋារកិច្ចចំពោះភ្ញៀវទេសចរឱ្យបានត្រឹមត្រូវ ខណៈទីផ្សារទេសចរចិនគឺជាទីផ្សារធំសម្រាប់តែកម្ពុជានិងពិភពលោក។
ឯកឧត្តមបន្ថែមទៀតថា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខ ក៏នឹងមានជើងហោះលើកដំបូងពីគួនមីងមកសៀមរាប និងពីសៀងហៃមកសៀមរាប ដែលនឹងប្រតិបត្តិការដោយក្រុមហ៊ុន China Eastern (Charter Flights) ផងដែរ។ ឯកឧត្តមមានសុទិដ្ឋិនិយមថា «ការធ្វើរដំណើរទេសចរចិនមកកម្ពុជានឹងកើនឡើងជាលំដាប់ចាប់ពីខែមីនា ឆ្នាំ២០២៣នេះ»។ ឯកឧត្តម បានឱ្យដឹងថា ក្នុងខែមករា ឆ្នាំ២០២៣ កម្ពុជាទើបទទួលបានទេសចរអន្តរជាតិប្រមាណ ៤០ ម៉ឺននាក់ក្នុងនោះក៏មានទេសចរចិនប្រមាណ ២៥,០០០ នាក់ដែរ ដែលមានការកើនឡើង ៩០១% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ ក្នុងខែមករានេះដែរ ជើងហោះហើរដែលចូលមកដល់កម្ពុជាមានចំនួនសរុប ១,៦៤៨ជើងក្នុងនោះអាកាសយានដ្ឋានអន្តរជាតិភ្នំពេញទទួលបាន ១,១៧៨ ជើង៕