(ភ្នំពេញ)៖ ឯកឧត្តម អ៊ុក សិទ្ធជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡាបានជំរុញឲ្យមន្ដ្រីអង្គភាពពាក់ព័ន្ធត្រូវចេះប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីប្រតិបត្តិការងារឲ្យកាន់តែមានប្រសិទ្ធភាព និងរហ័សទាន់ពេលវេលា។ ការលើកឡើងនេះ បន្ទាប់ពីមជ្ឈមណ្ឌលជាតិព័ត៌មានវិទ្យា និងស្ថិតិកីឡានៃអគ្គនាយកដ្ឋានកីឡា បានបើកវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ព័ត៌មានវិទ្យាកម្រិត២ សម្រាប់ស្រង់ទិន្នន័យ និងស្ថិតិកីឡាកាលពីដើមសប្ដាហ៍កន្លងទៅ នៅសាលប្រជុំនាយកដ្ឋានអប់រំកាយ និងកីឡានៃពហុកីឡដ្ឋានជាតិ។ ឯកឧត្តម អ៊ុក សិទ្ធិជាតិ មានប្រសាសន៍ថា ការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡាគឺជាការអភិវឌ្ឍការងារអប់រំកាយ និងកីឡា ឲ្យទៅជាចំណុចស្នូលនៃការកែទម្រង់ និងលើកកម្ពស់សុខភាព សមត្ថភាពជំនាញ និងបច្ចេកទេសអប់រំកាយ និងកីឡារបស់សិស្ស និស្សិត យុវជន និងមហាជនប្រកបដោយគុណភាព និងសិទ្ធិផលខ្ពស់ក្នុងការប្រកួតជាលក្ខណៈជាតិ និងអន្តរជាតិ ព្រមទាំងចូលរួមអភិវឌ្ឍសង្គម វប្បធម៌ និងសេដ្ឋកិច្ចជាតិផងដែរ។
តាមរយៈនេះ ឯកឧត្តមបានកោតសរសើរដល់មជ្ឈមណ្ឌលជាតិព័ត៌មានវិទ្យា និងស្ថិតិកីឡា ដែលបានមើលឃើញគុណតម្លៃនៃការប្រើប្រាស់បច្ចេកវិទ្យាទំនើប សម្រាប់ប្រតិបត្តិការការងារ និងបានរៀបចំវគ្គនេះបន្ថែមជាលើកទី២ ដើម្បីដុសខាត់ចំណេះជំនាញបច្ចេកវិទ្យាបន្ថែមទៀត ដល់មន្ត្រីតាមអង្គភាពទាំងអស់នៃអគ្គនាយកដ្ឋានកីឡា។ ដោយហេតុនេះ ឯកឧត្តមបានជំរុញ និងលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ត្រូវត្រង់ត្រាប់ និងកត់ត្រានៅចំណុចល្អដែលគ្រូឧទេ្ទសពន្យល់ និងណែនាំ ដើម្បីជាគុណប្រយោជន៍សម្រាប់ខ្លួនឯង និងដើម្បីបង្កើនប្រសិទ្ធភាពការងារតាមអង្គភាពរបស់ខ្លួន។
លោក អ៊ឹង វីរៈ អនុប្រធានមជ្ឈមណ្ឌលជាតិព័ត៌មានវិទ្យា និងស្ថិតិកីឡាបានបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះគ្រោងរៀបចំ ៥ថ្ងៃដោយមានសិក្ខាកាមចូលរួម មកពីអង្គភាពក្រោមចំណុះអគ្គនាយកដ្ឋានកីឡា ក្នុងគោលបំណងបង្កើនការស្វែងយល់ពីបរិបទការងារថ្មីក្នុងសម័យ បច្ចេកវិទ្យាទំនើប ដូចជាការប្រើប្រាស់កម្មវិធីទំនាក់ទំនង និងការគ្រប់គ្រងការងារដោយសិក្សាលើការរៀបចំ និងចូលកិច្ចប្រជុំអនឡាញការ ស្វែងយល់ពីកម្រិតមូលដ្ឋាននៃសុវត្ថិភាពទិន្នន័យ ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីគ្រប់គ្រងទិន្នន័យ ការប្រើប្រាស់ Excel និង google Sheet ក្នុងវិស័យស្ថិតិ ស្វែងយល់ពិធីចរចា និងសម្របសម្រួល ការកំណត់ប្រភេទទិន្នន័យសម្រិតសម្រាំងទិន្នន័យ និងចងក្រងទិន្នន័យ និងការសរសេរកម្រងសំណួរសម្រាប់ចុះស្រង់ស្ថិតិ ព្រមទាំងការវិភាគ និងពន្យល់លទ្ធផលស្ថិតិជាដើម៕