(កូរ៉េខាងជើង )៖នៅថ្ងៃអង្គារទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ទីភ្នាក់ងារសារព័ត៌មាន KCNA បានផ្សាយថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្តេជ្ញាពង្រីកសមយុទ្ធយោធា និងពង្រឹងការត្រៀមលក្ខណៈធ្វើសង្គ្រាម របស់ប្រទេសខ្លូន ខណៈទីក្រុងព្យុងយ៉ាងត្រៀម រៀបចំការប្រារព្ធខួបយោធា។
សារព័ត៌មាន KCNA រាយការណ៍បន្តថា លោក គីម បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការយោធាមជ្ឈិមនៃគណបក្សកម្មករដែលកំពុងកាន់អំណាច ដោយក្នុងនោះ ក្រុមមន្ត្រីបានពិភាក្សាអំពីកិច្ចការយោធា និងនយោបាយសំខាន់ៗ សម្រាប់ឆ្នាំនេះ និងបញ្ហារយៈពេលវែង ទាក់ទងនឹងការតម្រង់ទិសសម្រាប់ការកសាងកងទ័ព។ “កិច្ចពិភាក្សានៅទីនោះរួមមាន បញ្ហានៃការពង្រីក និងពង្រឹងប្រតិបត្តិការ និងសមយុទ្ធប្រយុទ្ធឥតឈប់ឈររបស់កងទ័ពប្រជាជនកូរ៉េ ដើម្បីទប់ទល់នឹងស្ថានការណ៍ដែលកំពុងកើតមាន និងពង្រឹងការត្រៀមលក្ខណៈសម្រាប់ធ្វើសង្គ្រាម”។
កិច្ចប្រជុំនេះធ្វើឡើងចំពេលប្រទេសកូរ៉េខាងជើង ត្រូវបានគេរំពឹងថា នឹងដង្ហែក្បួនព្យុហយាត្រាយោធា ដើម្បីប្រារព្ធខួបនៃការបង្កើតកងកម្លាំងប្រដាប់អាវុធរបស់ខ្លួននៅថ្ងៃពុធទី០៨ខែកុម្ភៈ។ កិច្ចប្រជុំយោធានេះក៏ធ្វើឡើងផងដែរ បន្ទាប់ពីកូរ៉េខាងជើងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន បានថ្កោលទោសសមយុទ្ធរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ដោយនិយាយថា ពួកគេបានឈានដល់បន្ទាត់ក្រហមហើយ និងគំរាមប្រែក្លាយឧបទ្វីបកូរ៉េ ទៅជាឃ្លាំងអាវុធសង្គ្រាមដ៏ធំ និងជាតំបន់សង្គ្រាមកាន់តែធ្ងន់ធ្ងរ៕