ខេត្តកំពង់ស្ពឺ ៖ ម្តាយមីងនិងក្មួយប្រុសបង្កើត បានស្លា.ប់បាត់បង់ជីវិតទាំង២នាក់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿងបុ.កគ្នាក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹង ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៣និង២០នាទីរសៀលថៃ្ងទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ លើផ្លូវលេខ១៤០ ចំណុចភូមិត្រពាំងខ្យង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
តាមប្រភពពីនគរបាលបានឱ្យដឹងថា ភាគីខាងម៉ូតូ១គ្រឿង ម៉ាកស្ដុបពី ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1GF-9021 បើកបរដោយឈ្មោះ ថែម គន្ធា ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិពោធិ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (ត្រូវជាម្តាយមីង បានស្លា.ប់បាត់បង់ជីវិត) ។ ចំណែកភាគីខាងម៉ូតូ១គ្រឿង ម៉ាកអ៊ិចសាយទ័រ ពណ៌ខ្មៅ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ វែង ចាន់នី ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិពោធិ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (ត្រូវជាក្មួយ បានស្លា.ប់បាត់បង់ជីវិត)
តាមប្រភពពីនគរបាលបានឱ្យដឹងថា នៅមុនពេលកើតហេតុ មានម៉ូតូ១គ្រឿង ម៉ាកស្ដុបពីពណ៌ក្រហម បើកបរដោយស្ត្រីម្នាក់ បានធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៤០ ក្នុងទិសដៅពីទិសខាងត្បូងទៅទិសខាងជើង លុះមកដល់ចំណុចកើតហេតុខាងលើបានបុ.កជាមួយម៉ូតូ១គ្រឿង ម៉ាកអ៊ិចសាយទ័រ បើកបរដោយយុវជនម្នាក់ ដែលកំពុងធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នា ពីជើងទៅត្បូង យ៉ាងពេញទំហឹង ។
លោកវរសេនីយ៍ឯក ឃុត សុផល អធិការស្រុកសំរោងទងបាននិយាយឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បណ្ដាលឱ្យអ្នកបើកបរស្លា.ប់ទាំង២នាក់ និងជារឿងគួរឱ្យសោកសង្រេងបំផុត គឺជនរងគ្រោះទាំងពីរនាក់ត្រូវជាម្តាយមីងនិងក្មួយបង្កើត ជួបគ្រោះថ្នាក់ដោយចៃដន្យបំផុតមិននឹកស្មានដល់នៃករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ។
ករណីខាងលើនេះ សមត្ថកិច្ចនគរបាលកំពុងយកចិត្ដទុកដាក់ និងស្រាវជ្រាវពិនិត្យយ៉ាងម៉ត់ចត់បំផុត ម៉ូតូ២គ្រឿងខូចខាតយ៉ាងធ្ងន់ធ្ងរ។
ចំពោះវត្ថុតាងម៉ូតូទាំង២គ្រឿង ត្រូវសមត្ថកិច្ចនគរបាលបានយកមករក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលត្រពាំងគង រង់ចាំបន្ដនីតិវិធីប្រគល់ជូនក្រុមគ្រួសារ៕