នាល្ងាចថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ រដ្ឋបាលខេត្តប៉ៃលិន បានប្រារព្ធពិធីបុណ្យមាឃបូជា នៅវត្តរតនសោភ័ណ (ហៅវត្តកោងកាង)ដែលស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយមានការនិមន្តចូលរួមពី ព្រះគ្រូរតនមុនី អៀ សុផន ព្រះមេគុណខេត្តប៉ៃលិន និងព្រះអត្ថទៀយកោ ក្តៀត សារ៉ាត់ ព្រះបាឡាត់គុណខេត្តប៉ៃលិន ព្រមទាំងមានការនិមន្តចូលរួមពីគណៈសង្ឃទូទាំងខេត្ត និងអញ្ជើញជាអធិបតីភាពពីសំណាក់ លោក ម៉ើង លីដា អភិបាលរងខេត្ត និងជាតំណាង លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនផងដែរ។ ជាមួយគ្នានោះលោក-លោកស្រី ប្រធានមន្ទីរជុំវិញខេត្ត និងពុទ្ធបរិស័ទ្ធជាច្រើននាក់ទៀត។
លោក សំ សាវឿន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តប៉ៃលិន បានឡើងអានសុន្ទរកថាបុណ្យមាឃបូជា ហើយថ្លែងអំណរអរគុណដល់ថ្នាក់ដឹកនាំខេត្ត និងមន្រី្តសង្ឃដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំពិធីបុណ្យមាឃបូជានេះឡើងសមស្របតាមព្រះពុទ្ធសាសនា និងក្រោមដំបូលសន្តិភាពរបស់សម្តេចតេជោ។
ព្រះគ្រូ ក្តៀត សារ៉ាត់ ព្រះបាឡាត់គុណខេត្តនិងជាព្រះគ្រូចៅអធិការវត្តកោងកាង បានមានសង្ឃដីកាបញ្ជាក់ឲ្យដឹងថា បុណ្យមាឃ បូជា បានរម្លឹកដល់ថ្ងៃដែលព្រះអង្គទ្រង់ប្រកាសដាក់នូវអាយុសង្ខារ ដើម្បីរម្លត់យាងចូលទៅកាន់បរិនិព្វាន និងរម្លឹកនូវថ្ងៃដែលព្រះអរហន្តមកជួបជុំគ្នា ១,២៥០អង្គ ដែលមិនបានណាត់គ្នា សម្តែងបាតិមោក្ខជាលើកទីមួយក្នុងព្រះពុទ្ធសាសនា ។ បុណ្យមាឃបូជា មិនមែនជាបុណ្យសម្រាប់ពុទ្ធសាសនិកជននៅព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ បុណ្យមាឃបូជាត្រូវបានអង្គការសហប្រជាជាតិទទួលស្គាល់ និងបានប្រកាសក្នុងអង្គសន្និបាតនាអំឡុងឆ្នាំ១៩៩៩ ដាក់ឈ្មោះថា ” ថ្ងៃបុណ្យមាឃបូជា ” ជាថ្ងៃសំខាន់របស់ពិភពលោកផងដែរ ដែលបានប្រសិទ្ធនាមថា ព្រះពុទ្ធសាសនា ជាសាសនាសន្តិភាព។
លោក ម៉ើង លីដា អភិបាលរងខេត្តប៉ៃលិននិងជាតំណាងលោក ជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថាៈ ពិធីបុណ្យមាឃបូជាពិតជាមានសារះសំខាន់ណាស់សម្រាប់វិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋយើង។ ហើយបច្ចុប្បន្នក្រោមការដឹកនាំរបស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានយកចិត្តទុកដាក់ខ្ពស់លើវិស័យសាសនា ដោយបានចូលរួមកសាងសមិទ្ធផលនានាជាច្រើន ហើយលើសពីនោះបានអភិវឌ្ឍន៍លើគ្រប់វិស័យបានប្រែក្លាយខេត្តប៉ៃលិនជាខេត្តស៊ីវិល័យដ៏សម្បូរបែបផងដែរ ។
លោកអភិបាលរងខេត្តបានគូសបញ្ជាក់ថា៖ ដូច្នេះយើងត្រូវតែយកចិត្តទុកដាក់ជួយជ្រោម ជ្រែង លើកកម្ពស់វិស័យព្រះពុទ្ធសាសនាឱ្យមានការរីកចម្រើន ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រង់ជំពូក៣ មាត្រា៤៣ ចែងថា ប្រជាពលរដ្ឋទាំងពីរភេទ មានសិទ្ធិពេញទី ខាងជំនឿសាសនា សេរីភាពខាងជំនឿ និងការប្រតិបត្តិខាងផ្លូវសាសនា ត្រូវបានរដ្ឋធានាក្នុងលក្ខខណ្ឌដែលមិនអាចប៉ះពាល់ដល់ជំនឿ ឬសាសនាដទៃដល់សណ្ដាប់ធ្នាប់ សន្តិសុខសាធារណៈ ហើយព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ និងត្រូវបានថែរក្សាការពារអត្តសញ្ញាណជាតិទៀតផង។ លោកអភិបាលរងខេត្តបានលើកឡើងថា៖ ក្រោមសម័យសន្តិភាព និងអភិវឌ្ឍន៍របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើអោយប្រទេសពោរពេញដោយសន្តិភាពហើយយើងអាចធ្វើបុណ្យប្រពៃណីសាសនាផ្សេងៗប្រកបដោយសទ្ធានិងជួបជុំអធិកអធមផងដែរ។
ក្នុងឱកាសនោះដែរ លោក ម៉ើង លីដា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សា សន្តិភាព ដើម្បីបន្តឱ្យសង្គមជាតិមានការរីកចម្រើន និងអោយប្រជាពលរដ្ឋមានឱកាសពេញលេញប្រារព្ធធ្វើបុណ្យមាឃបូជា និងពិធីបុណ្យសាសនាជាច្រើនទៀត ជាបន្តទៀត៕ អត្ថបទ៖ លោក កុល កាយណា