(ហ្វីលីពីន)៖ប្រទេសហ្វីលីពីនបានអនុញ្ញាតឲ្យកងកម្លាំងអាមេរិកប្រើប្រាស់មូលដ្ឋានយោធានៅលើទឹកដីរបស់ខ្លួនចំនួន ៤ បន្ថែមទៀត ដែលជាវិធានការជាក់ច្បាស់មួយ ក្នុងគោលបំណងពង្រឹងការរារាំងប្រឆាំងនឹងប្រទេសចិន ។ក្រោយជំនួបរវាងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ជាមួយប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. និងរដ្ឋមន្ត្រីការពារជាតិ Carlito Galvez Jr. ក្នុងទីក្រុងម៉ានីល កាលពីថ្ងៃព្រហស្បតិ៍, ភាគីទាំងពីរបានប្រកាសពីកិច្ចព្រមព្រៀងប្រើប្រាស់មូលដ្ឋានយោធាចំនួន ៤ បន្ថែមទៀត និងបានបញ្ជាក់ថា ចាប់ពីពេលនេះទៅ កងទ័ពអាមេរិកអាចប្រើមូលដ្ឋានយោធានៅលើទឹកដីហ្វីលីពីនបានរហូតដល់ ៩ ឯណោះ ។
ទន្ទឹមនោះ ការកើនឡើងវត្តមានរបស់យោធាសហរដ្ឋអាមេរិក គឺជាការបង្ហាញយ៉ាងជាក់ច្បាស់ក្នុងគោលបំណងពង្រឹងការរារាំងរបស់ចិន ខណៈដែលទីក្រុងប៉េកាំងកំពុងបង្កើនសកម្មភាពយោធានៅក្នុងសមុទ្រចិនខាងត្បូង និងដែនទឹកជុំវិញច្រកសមុទ្រតៃវ៉ាន់ ។ទោះជាយ៉ាងណា លោក Austin បានប្រាប់សន្និសីទសារព័ត៌មានថា ការពិភាក្សាអំពីសកម្មភាពជាក់ស្ដែងរបស់ភាគីទាំងពីរ គឺដើម្បីដោះស្រាយបញ្ហាអស្ថិរភាពនៅក្នុងដែនទឹកជុំវិញហ្វីលីពីនប៉ុណ្ណោះ ។ លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា សម្ព័ន្ធភាពអាមេរិក-ហ្វីលីពីន ធ្វើឲ្យលទ្ធិប្រជាធិបតេយ្យនៃប្រទេសទាំងពីរកាន់តែមានសុវត្ថិភាព ហើយវាក៏ជាការជួយរក្សាឥណ្ឌូប៉ាស៊ីហ្វិកឲ្យកាន់តែសេរី និងបើកចំហផងដែរ ខណៈលោកប្រធានាធិបតី Marcos បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះកិច្ចព្រមព្រៀងនេះ ហើយលោកបានលើកឡើងថា អនាគតរបស់ហ្វីលីពីន និងអាស៊ីប៉ាស៊ីហ្វិក តែងតែមានការចូលរួមពីសហរដ្ឋអាមេរិក ៕