(អូស្ត្រាលី)៖ ប្រទេសអូស្ត្រាលី បានប្រកាសនាថ្ងៃ ព្រហស្បតិ៍ ថា ខ្លួននឹងលុបរូបម្ចាស់ក្សត្រិយ៍ អេលីហ្សាបេតទី២ ចេញពីក្រដាសរូបិយប័ណ្ណរបស់ខ្លួន ដោយជំនួសរូបទ្រង់នៅលើក្រដាសប្រាក់ ៥ដុល្លារអូស្រ្តាលី ជាមួយការរចនាថ្មីមួយ ដែលនឹងផ្ដល់ការគោរពដល់វប្បធម៌របស់ជនជាតិអូស្រ្តាលីផ្ទាល់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tuoitrenews នាថ្ងៃ ព្រហស្បតិ៍ ទី ០២ ខែ កុម្ភៈ ឆ្នាំ ២០២៣។
ការសម្រេចចិត្តរបស់ធនាគារកណ្ដាល ក្នុងការសម្រេចមិនជ្រើសរើសយករូបស្ដេចឆាលទី៣ ដែលត្រូវជាបុត្រារបស់ម្ចាស់ក្សត្រិយ៍ អេលីហ្សាបេត និង ជាព្រះមហាក្សត្រអង់គ្លេសបច្ចុប្បន្ន ដើម្បីដាក់ជំនួសបែបនេះ នឹងធ្វើឲ្យរូបិយប័ណ្ណរបស់អូស្រ្តាលីទាំងអស់លែងមានរូបមហាក្សត្ររបស់ចក្រភពអង់គ្លេសតទៅទៀតហើយ។
យោងតាមធនាគារកណ្តាលអូស្រ្តាលី ក្រដាសប្រាក់៥ដុល្លារថ្មី អាចនឹងត្រូវប្រើពេលច្រើនឆ្នាំ សម្រាប់ការរចនានិងបោះពុម្ព ហើយក្រដាសប្រាក់៥ដុល្លារ ដែលមានរូបម្ចាស់ក្សត្រិយ៍ អេលីហ្សាបេត នឹងនៅតែអាចបន្តធ្វើចរាចរណ៍បានដដែល ទោះបីជានៅពេលដែលក្រដាសប្រាក់ជាមួយការរចនាថ្មី ត្រូវបានចាប់ផ្តើមប្រើប្រាស់ក៏ដោយ។
ធនាគារកណ្ដាលបាននិយាយថា ការសម្រេចចិត្តរបស់ខ្លួនត្រូវបានគាំទ្រដោយរដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តី អាន់តូនី អាល់បានី (Anthony Albanese) ដែលគាំទ្រឲ្យប្រទេសអូស្រ្តាលី ក្លាយជាសាធារណរដ្ឋនាពេលអនាគត។ សព្វថ្ងៃអូស្ត្រាលី ស្ថិតក្នុងចំណោមប្រទេសជាង១០ រួមមានទាំង កាណដា និង នូវែលសេឡង់ ដែលនៅទទួលស្គាល់មហាក្សត្រចក្រភពអង់គ្លេស ជាប្រមុខរដ្ឋរបស់ខ្លួន។ សូមជម្រាបថា ការសោទទីវង្គត់របស់ម្ចាស់ក្សត្រិយ៍ អេលីហ្សាបេតទី២ កាលពីថ្ងៃទី ០៨ ខែ កញ្ញា ឆ្នាំ ២០២២ ក្នុងព្រះជន្ម ៩៦ព្រះវស្សា។ ការសោយទីវង្គត់របស់ទ្រង់ បានកត់សម្គាល់ដោយការកាន់ទុក្ខជាសាធារណៈនៅក្នុងប្រទេស អូស្រ្តាលី ប៉ុន្ដែក្រុមជនជាតិអូស្រ្តាលីមួយចំនួនបានតវ៉ាប្រឆាំងនឹងឥទ្ធិពលបំផ្លិចបំផ្លាញនៃអាណានិគមអង់គ្លេស នៅពេលនោះ ដោយអំពាវនាវឲ្យមានការលុបបំបាត់របបរាជានិយម៕