(ភ្នំពេញ)៖ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២៣ បានប្រកាសអនុញ្ញាតឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផ្ដល់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដូនតា (សិប្បកម្មប្រពៃណី) ដល់សិស្សានុសិស្សដោយឥតគិតថ្លៃ។សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍នៅក្នុងជំនូបជាមួយសិស្សនិទ្ទេស A ចំនួន ១ ០៤៩ នាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញគម្រោងថ្មីមួយ ផ្ដល់ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ដល់សិស្សក្រីក្រប្រមាណ ១,៥ លាននាក់ នាចុងឆ្នាំ ២០២៣នេះ ក្នុងនោះសម្ដេចបានចុះហត្ថលេខារួចហើយ ឱ្យសិស្សសិក្សាជំនាញដូនតា យ៉ាងហោចណាស់ឱ្យបាន ២% ទៅ ៤% ក្រោមការគ្រប់គ្រងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា វិជ្ជាជីវៈដូនតាសំដៅដល់ជំនាញ ជាងចម្លាក់ ស្មូន គំនូរ តម្បាញ ហូល ផាមួងជាដើម ខណៈជំនាញដូនតានេះ ក៏អាចដោះស្រាយការងារ បង្កើតមុខរបរ ព្រមទាំងមានតម្រូវការផងដែរ។សម្ដេចតេជោ ហ៊ុន សែនមានប្រសាសន៍ថា៖ «បច្ចេកវិទ្យាថ្មីៗក៏យើងហ្វឹកហាត់ វិជ្ជាជីវៈមុខរបរដូនតារបស់យើងដែលបន្សល់ទុកក៏យើងត្រូវបណ្ដុះបណ្ដាលដែរ។ គ្រូចាស់ៗដែលគាត់ស្លាប់ទៅបាត់ឱកាសសម្រាប់ក្មេងៗខាងក្រោយក្រោយ។ កំពុងឱ្យសិក្សារួមគ្នា ក្នុងការបង្កើតនូវកម្មវិធីនៃការបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ អាចចាប់ផ្ដើមក្រោយអាណត្តិរដ្ឋាភិបាលថ្មី»។
សម្ដេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា ជំនាញនេះ មិនត្រឹមតែមិនឱ្យបាត់បង់ទេ តែត្រូវធ្វើឱ្យផ្នែកនេះ រីកចម្រើនឡើង ដែលជាផ្នែកមួយសមិទ្ធផលសម្រាប់វិស័យទេសចរណ៍៕