(ភ្នំពេញ)៖ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយ លោក Joseph Scheuer ប្រធានអង្គការសហប្រជាជាតិប្រចាំកម្ពុជា ស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា។
លោក Joseph Scheuer បានមានប្រសាសន៍ថា ដោយឃើញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា និងការចូលរួមយ៉ាងច្រើនពីគ្រប់មជ្ឈដ្ឋាន ក្នុងការដោះស្រាយបញ្ហាមីន លោកមានបំណងចង់ចូលរួមធ្វើការកៀរគរធនធានពីប្រភពក្រៅប្រទេស ដើម្បីការងារសកម្មភាពមីនមនុស្សធម៌នៅកម្ពុជាផងដែរ។ អង្គការសហប្រជាជាតិ នឹងបន្តគាំទ្រដល់ការងារបោសសម្អាតមីននេះ ហើយសង្ឃឹមថាកម្ពុជានឹងអាចសម្រេចនូវគោលដៅរបស់ខ្លួន កម្ពុជាគ្មានមីនឆ្នាំ២០២៥។
ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្រ្តី ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់អង្គការសហប្រជាជាតិ ដែលបានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដោយបានគាំទ្រការដាក់បញ្ចូលសកម្មភាពបោសសំអាតមីននិងគ្រាប់មិនទាន់ផ្ទុះចូលជាគោលដៅទី៩ នៃគោលដៅអភិវឌ្ឍន៍សហសវត្សរ៍(CMDG) និងដាក់ចូលជាគោលដៅទី១៨ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា(CSDG)។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបប្រាប់ប្រធាន UN ប្រចាំកម្ពុជាថា បន្ទាប់ពីបញ្ចប់សង្រ្គាម រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានចាត់ទុកសកម្មភាពមីន គឺជាការងារអាទិភាពមួយក្នុងការដោះស្រាយ និងចូលរួមដល់ការអភិវឌ្ឍប្រទេសជាតិ។ បច្ចុប្បន្ននេះ សកម្មភាពមីនកម្ពុជា បានឈានដល់របត់មួយ និងសម្រេចបាននូវសមិទ្ធផលជាច្រើនជាប្រវត្តិសាស្រ្តរយៈពេលជាង ៣០ឆ្នាំមកនេះ ក្នុងការរំដោះផ្ទៃដីជូនប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាព និងចូលរួមដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម។ កម្ពុជា បានទទួលការគាំទ្រដល់ការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមពីប្រភពធនធានផ្សេងៗគ្នាជាច្រើន រួមមាន រាជរដ្ឋាភិបាល ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងសប្បុរសជននានា ដូចអ្វីដែលបានឃើញយ៉ាងច្បាស់ចាប់ពី២០២២ សម្តេចតេជោ បានសម្រេចបង្កើតគម្រោងសម្តេចតេជោសម្រាប់សកម្មភាព និងមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ ដើម្បីពន្លឿនដល់ការងារបោសសម្អាតមីនឲ្យអស់ត្រឹមឆ្នាំ២០២៥។
ក្នុងនាមរាជរដ្ឋាភិបាល ឯកឧត្តមទេសរដ្ឋមន្ត្រី បានចាត់ទុកអង្គការសហប្រជាជាតិ គឺជាមិត្តភ័ក្តិដ៏ជិតស្និទ្ធរបស់កម្ពុជាក្នុងដំណើរការស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ក៏ដូចជាគាំទ្រដល់សកម្មភាពមីននៅកម្ពុជា ផងដែរ ព្រមទាំងបានអញ្ជើញប្រធានអង្គការសហប្រជាជាតិប្រចាំកម្ពុជា ចុះពិនិត្ស និងស្វែងយល់អំពីសកម្មភាពបោសសម្អាតមីនរបស់ប្រតិបត្តិករនៅទីវាលដោយផ្ទាល់ តាមពេលវេលាសមស្របណាមួយ៕