(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានណែនាំដល់ក្រុមការយុវជន និងអ្នកពាក់ព័ន្ធទាំងអស់គ្រប់ជំនាញ ត្រូវបង្កើននូវការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព គណនេយ្យភាព និងមានប្រសិទ្ធភាពខ្ពស់ ដោយអនុវត្តឱ្យបានតាមទិសស្លោក “ធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាព”។ ការណែនាំដូចនេះក្នុងពេលអញ្ជើញជាសហអធិបតីជាមួយ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ក្នុងពិធីសំណេះសំណាល ថ្នាក់ដឹកនាំយុវជនខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យនារសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៣។
សម្តេចក្រឡាហោម ស ខេង បានលេីឡេីងថា ដើម្បីឆ្លើយតបទៅនឹងវឌ្ឍនភាពសង្គម ក្រុមការងារយុវជន ត្រូវបង្កើនការកសាងសមត្ថភាព ចំណេះដឹងពាក់ព័ន្ធការងារសង្គម និងនយោបាយ ហើយត្រូវមានសីលធម៌ និងអាកប្បកិរិយាល្អចំពោះប្រជាពលរដ្ឋនៅពេលចុះមូលដ្ឋាន។ ដូច្នេះក្រុមការងារយុវជន បង្កើនសកម្មភាពចុះមូលដ្ឋានរៀងៗខ្លួន និងត្រូវដោះស្រាយរាល់បញ្ហាប្រឈមនានា ដែលបានកើតឡើងកន្លងមកហើយមិនទាន់បានដោះស្រាយ និងជំរុញការអភិវឌ្ឍមូលដ្ឋានឱ្យបានផុសផល ដើម្បីជីវភាពរបស់ប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរ និងដើម្បីភាពជោគជ័យក្នុងការបោះឆ្នោតនាពេលខាងមុខ ពិសេសចូលរួមផ្ដល់ការគាំទ្រដល់ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព តាមរយៈការគាំទ្រដល់តួអង្គសំខាន់ទាំង៥ គឺ ទី១. មេឃុំ/ចៅសង្កាត់ ទី២. ស្មៀនឃុំ/ សង្កាត់ ទី៣. នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ/សង្កាត់ ទី៤. ថ្នាក់ដឹកនាំភូមិ ពិសេសគឺ មេភូមិ ទី៥. មណ្ឌលសុខភាពឃុំ/សង្កាត់។
សម្ដេចក្រឡាហោម ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំយុវជន បន្តស្មារតីរួបរួមគ្នា ដើម្បីថែរក្សាសុខសន្តិភាព និងបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការអភិវឌ្ឍកម្ពុជា និងការកសាងសន្តិសុខ ប្រកបដោយភាពសុខដុម ដោយផ្អែកលើការគោរពគ្នា ការយោគយល់គ្នា ការជឿទុកចិត្តគ្ន និងការគោរពប្រយោជន៍គ្នាទៅវិញទៅមក និងចូលរួមថែរក្សាសមិទ្ធផលទាំងឡាយ ដែលកម្ពុជាសម្រេចបាន ក្នុងរយៈពេលជាង៤០ឆ្នាំកន្លងមក។
សូមបញ្ជាក់ថា ស្នាដៃដែលក្រុមការងារយុជនខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ បានបន្តរួមចំណែកបម្រើជាតិ និងប្រជាជននៅឆ្នាំ២០២២ មានជាអាទិ៍ ការងារសង្គមកិច្ច ការជួយសង្គ្រោះ និងឧបត្ថម្ភជំនួយជូនប្រជាពលរដ្ឋមានការខ្វះខាតក្នុងជីវភាព ជនចាស់ជរា មានពិការភាព ស្រ្តីមេមាយ អ្នកផ្ទុកមេរោគអេដស៍ ពលរដ្ឋជួបគ្រោះមហន្តរាយធម្មជាតិ និងគ្រោះថ្នាក់សង្គមផ្សេងៗ ការជួយគាំមណ្ឌលកុមារកំព្រារ កិច្ចការលើកម្ពស់វប្បធម៌ សាសនា សិល្បៈ និងកីឡា ការបណ្ដុះបណ្ដាលចំណេះដឹង និងជំនាញវិជ្ជាជីវៈដល់យុវជន កិច្ចគាំទ្រប្រជាពលរដ្ឋប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ការប្រកួតប្រជែងសមត្ថភាពយុវជនជាសិស្ស និងនិស្សិត ការបើកវគ្គបំប៉នដល់ដល់សិស្សថ្នាក់ទី១២ និងការងារគាំទ្រដល់កិច្ចការពារសុខសន្តិភាព ស្ថិរភាពនយោបាយ ព្រមទាំងការលើកម្ពស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕