(បន្ទាយមានជ័យ)៖ តម្លៃពោតដំណើប ឬប្រភេទពោត សម្រាប់ស្ងោរលក់ ក្នុងស្រុក មានទីផ្សារល្អប្រសើរ ដែលប្រជាកសិករនៅតែបន្តដាំរាល់ឆ្នាំនៅជើងភ្នំពង្រស្ថិតភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
ប្រជាកសិករបានប្រាប់ថា៖ នៅជើងភ្នំពង្រប្រជាកសិករបាននាំគ្នាពេញនិយមដាំពោតតំណើប ឬពោតសំរាប់ស្ងោរលក់សំរាប់ញ៉ាំប្រភេទពូជ៨៨ មានទីផ្សារល្អប្រសើរ ព្រោះរស់ជាតិផ្អែមឆ្ងាញ់ មានម៉ូយមកម៉ៅ ឬទិញជាផ្លូនដល់ចំការតែម្តង មិនពិបាកលក់ និងមានតម្លៃទីផ្សារល្អ។
កសិកររូបនោះបានបញ្ជាក់ថា៖ ពោតតំណើប រឺពោតផ្អែម៨៨នេះប្រជាកសិករភូមិពង្របានពេញនិយមដាំព្រោះលក់បានទាំងស្នៀត និងផ្លែចាស់ដែលឈ្មួញមកទិញ រឺម៉ៅដល់ចំការតែម្តងមានប៉ុន្មានគឺឈ្មួញម៉ៅរឺទិញយកទាំងអស់ហើយក៏តំលៃប្រសើរដែរទំលាប់ការលក់ទិញពោតនៅខេត្តបន្ទាយមានជ័យជាប់ជាយដែនទិញជាផ្លូន ដែលមួយផ្លូន តំលៃ ៣ទៅ៤ម៉ឺនរៀល។ សំរាប់ស្នៀតពោត ឬក្តិបពោត ១គីឡូក្រាមតំលៃ១,០០០ទៅ១,៥០០រៀល ដែលអ្នកទិញយកទៅឆារ និងស្លរ ឬធ្វើអន្លក់សម្រាប់ហូបជាមួយទឹកគ្រឿង ទឹកប្រហុកផ្សេងៗ។ កសិកររូបនេះ ក៍បានបញ្ជាក់ថា៖ ចាប់ពីពេលដាំរហូតដល់ទទួលផល មានរយៈពេល២ខែ១០ថ្ងៃ អាចលើសឬខ្វះតិចតួច ទៅតាមការមើលថែរបស់ប្រជាកសិករ។ ចំពោះការដាំវិញប្រជាកសិករតែងតែដាំតាមវគ្គ ដែលមួយវគ្គច្រើនដាំ២រ៉ៃ គឺស្រួលមើលថែ ដាំជាបន្តបន្ទាប់ ដែលអាចប្រមូលផលបានជាបន្តបន្ទាប់ ដែលក្នុងផ្ទៃដី២រ៉ៃ ប្រើប្រាស់គ្រាប់ពូជដែលទិញមកពីផ្សារអស់៩ ទៅ១០កញ្ចប់ អាចលក់បានពី៤ទៅ៥លានរៀល។ បើសរុបផ្ទៃដីដាំដុះ សំរាប់តែដំណាំពោត នៅក្នុងភូមិសាស្ត្រភូមិខាងលើនេះ ប្រជាកសិករដែលដាំសរុបប្រមាណ២០ទៅ៣០ហិកតា។ កសិករ បានបញ្ជាក់ថា៖ តំលៃទីផ្សារពោតផ្អែម៨៨នៅក្រុងសិរីសោភ័ណ គឺតំលៃល្អប្រសើរមានឈ្មួញមកទិញដល់ចំការជាផ្លូន ឬទិញម៉ៅចំការដែលឈ្មួញទិញទៅលក់បន្តក្នុងស្រុក និងស្ងោរលក់តាមសាលារៀន ផ្សារ កន្លែងកំសាន្តផ្សេងៗ ជាពិសេសឃើញស្ងោរលក់នៅតាមដងផ្លូវភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដែលឃើញភ្ញៀវមកឈប់ម៉ូតរថយន្ត ដើម្បីទិញញ៉ាំ និងផ្ញើសាច់ញាតិ៕