ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍បានអោយដឹងជាបឋមថា ករណីអគ្គិភ័យមួយបានឆាបឆេះក្លិបកម្សាន្តមួយកន្លែងអស់ទាំងស្រុង បណ្ដាលអោយបាត់បង់ជីវិតមនុស្ស០២នាក់ ពេលបញ្ជូលទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ករណីអគ្គិភ័យខាងលើនេះ កើតឡើងនៅវេលាម៉ោង០៨និង៣០នាទីយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ នៅក្លិបកម្សាន្តឈ្មោះ JULIE & ANNA TOKYO ស្ថិតនៅម្តុំឧត្តុនិយម ក្រុម២៧ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលម្ចាស់ក្លិបមានឈ្មោះ ហុង សេង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថា មូលហេតុបណ្តាលអោយកើតមានអគ្គិភ័យនេះ ដោយសារជាងធ្វើវាំងនន បានផ្សារដែក ហើយធ្លាក់កម្ទេចផ្កាភ្លើងមកលើសាឡុងអេប៉ុង ឆាបឆេះសម្ភារៈ និងក្លិបខូចខាតអស់ទាំងស្រុង ។
ជនរងគ្រោះចំនួន០២នាក់ រួមមាន ៖
ទី១- ឈ្មោះ ភន មករា ភេទប្រុស មុខរបរជាជាងធ្វើវាំងនន ស្រុកកំណើត ឃុំគោកព្រិច ស្រុកគីរីវង់ ខេត្តតាកែវ បច្ចុប្បន្ន ស្នាក់នៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ (បានស្លា.ប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ៨៨៨) ។
និងទី២ ឈ្មោះ ហន ស្រីវេត អាយុ១៨ឆ្នាំ ភេទ ស្រី ជាបុគ្គលិករត់តុក្នុងហាង ស្នាក់នៅក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (បានស្លា.ប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ) ។
តាមការបំភ្លឺបឋមពីអ្នកគ្រប់គ្រងឈ្មោះ អៀ ប្រុស ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ បានប្រាប់ថា «ករណីអគ្គិភ័យនេះកើតឡើងដោយសារ ជាងធ្វើវាំងនន ពេលកំពុងផ្សារដែកនៅច្រកចេញ-ចូល ដើម្បីដាក់វាំងនន បណ្តាលឲ្យធ្លាក់កម្ទេចភ្លើង មកលើសាឡុងអង្គុយ បណ្តាលឲ្យឆេះតែម្តង» ។
ករណីខាងលើនេះកងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋានខេត្តព្រះសីហនុ ចំនួន០២ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២រថយន្ត ទើបគ្រប់គ្រងបានទាំងស្រុង ៕