(ភ្នំពេញ)៖ លោកស្រី ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងលោករដ្ឋមន្ត្រី ថោង ខុន នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ បានដឹកនាំដឹកនាំប្រជុំពាក់ព័ន្ធនឹងការគ្រប់គ្រងអាជីវកម្ម និងបុគ្គលិកបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅតាមអាជីវកម្មក្លឹបកម្សាន្ត ខារ៉ាអូខេ រង្គសាល-ឌីស្កូតែក បៀរហ្គាឌិន និងម៉ាស្សា-ស្ប៉ា ដែលសុទ្ធតែជាកន្លែងកម្សាន្តមនុស្សពេញវ័យ។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីចូលរួមអនុវត្តនូវអនុសាសន៍ណែនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានស្នើគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ចំពោះស្ត្រីដែលបម្រើការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ពិសេសវិស័យសេវាកម្សាន្តដើម្បីបញ្ជៀសពីការរើសអើង សំដៅលើកកម្ពស់ស្ថានភាពការងារ និងមុខរបរ។
នាកិច្ចប្រជុំន៉ លោកស្រីរដ្ឋលេខាធិការបានលើកឡើងថា ផ្តើមពីតួនាទីដ៏មានសារៈសំខាន់របស់ស្រ្តី ក្រសួងទេសចរណ៍បានចាត់ទុកស្ត្រីគឺជាកម្លាំងចលករដ៏មានសក្តានុពលនិងជាភាគីពាក់ព័ន្ឋមិនអាចខ្វះបាន ដែលបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការលើកស្ទួយកម្រិតជីវភាពគ្រួសារ សហគមន៍ និងសង្គម-សេដ្ឋកិច្ច។ កិច្ចខិតខំប្រឹងប្រែងកន្លងមករបស់ក្រសួងទេសចរណ៍ក្នុងការអនុវត្តសកម្មភាពនានា ជាពិសេសជំរុញការលើកកម្ពស់សិទ្ធិ តួនាទី តម្លៃស្ត្រី និងបង្កើនភាពអង់អាចដល់ស្ត្រីដែលប្រកបមុខរបរក្នុងឧស្សាហកម្មទេសចរណ៍ ជាកត្តារួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព និងបរិយាបន្ន។
លោកស្រី ហ៊ុន ដានី បានបន្តថា ស្ត្រីដែលបម្រើការក្នុងវិស័យទេសចរណ៍ មានការគាំពារដោយច្បាប់ស្តីពីទេសចរណ៍។ ស្ត្រីត្រូវបានយកចិត្តទុកដាក់ឱ្យទទួលបានការចូលរួមនិងទទួលបានអត្ថប្រយោជន៍ប្រកបដោយសមធម៌ពីការអភិវឌ្ឍវិស័យទេសចរណ៍។ ច្បាប់នេះដែរ មិនត្រឹមតែបង្កើតឡើងដើម្បីធានាការគ្រប់គ្រងនិងអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយប្រសិទ្ធភាពប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកថែរក្សាការពារធនធានធម្មជាតិ វប្បធម៌ ទំនៀមទម្លាប់ ដើម្បីទាញយកផលប្រយោជន៍ និងបែងចែកផលប្រយោជន៍ពីទេសចរណ៍ប្រកបដោយសមធម៌ ជាពិសេសចូលរួមទប់ស្កាត់ផលប៉ះពាល់អវិជ្ជមានមកលើស្ត្រីនិងកុមារ ដែលមានចែងក្នុងមាត្រា ៤៨-៤៩-៥០ ធានាឱ្យស្ត្រី និងកុមារមានសុវត្ថិភាព សេចក្តីថ្លៃថ្នូរ ចៀសផុតពីការរើសអើង ការរំលោភបំពាន ការកេងប្រវ័ញ្ច ការជួញដូរ។ល។
ដើម្បីពង្រឹងការគ្រប់គ្រងអាជីវកម្ម និងបុគ្គលិកបម្រើការនៅតាមសេវាកម្សាន្តទេសចរណ៍ដល់រដ្ឋបាលរាជធានី-ខេត្ត និងមន្ទីរទេសចរណ៍រាជធានី-ខេត្ត លោកស្រីរដ្ឋលេខាធិការស្នើអភិបាលរាជធានី-ខេត្ត ផ្តល់កិច្ចសហការជាមួយក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍ក្នុងការគ្រប់គ្រងអាជីវកម្មសេវាកម្សាន្តឱ្យមានប្រសិទ្ធភាព រាប់ទាំងសកម្មភាព ការផ្តល់អាជ្ញាបណ្ណ ទាំងសម្បទា និងការរៀបចំ។
លោកស្រីបានណែនាំដល់នាយកដ្ឋានសេវាកម្សាន្ត ត្រូវសហការជាមួយនាយកដ្ឋានបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ ផ្ដល់ការបណ្ដុះបណ្ដាលតាមគ្រប់រូបភាពដល់បុគ្គលិកដែលប់ម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធផ្នែកសេវាកម្សាន្ត ម៉ាស្សា-ស្ប៉ា ដើម្បីឱ្យពួកគាត់មានជំនាញច្បាស់លាស់ ងាយស្រួលក្នុងការប្រកបមុខរបរ បង្កើនប្រាក់ចំណូល សំដៅលើកកម្ពស់កម្រិតជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើង។
លោកស្រីរដ្ឋលេខាធិការក៏បានណែនាំទៅកាន់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធ និងម្ចាស់អាជីវកម្ម ខិតខំចងក្រងក្រុមនារីក្នុងវិស័យទេសចរណ៍បន្ថែមទៀត ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ការចុះអប់រំណែនាំ ការបណ្ដុះបណ្តាល់ និងការជួយអន្តរាគមន៍ នៅពេលពួកគាត់ជួបប្រទះនូវបញ្ហាប្រឈម។ មន្ទីរទេសចរណ៍រាជធានី-ខេត្តក៏ត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធ និងម្ចាស់អាជីវកម្ម ដើម្បីធ្វើបច្ចុប្បន្នភាពទិន្នន័យបុគ្គលិកបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធផ្នែកសេវាកម្សាន្តម៉ាស្សា-ស្ប៉ាឱ្យបានច្បាស់លាស់ និងមានប្រសិទ្ធភាព។
លោកស្រី ហ៊ុន ដានី ក៏បានជំរុញឱ្យមានសកម្មចុះជួបដើម្បីពង្រឹងអនាម័យ ភាពស្អាត សេវាបដិសណ្ឋារកិច្ច និងអប់រំណែនាំឱ្យពួកគាត់ស្គាល់ពីសិទ្ធិ និងតួនាទីដ៏មានសារៈសំខាន់របស់ពួកគាត់ក្នុងវិស័យទេសចរណ៍។
គួរជម្រាបថា អាជីវកម្មក្លឹបកម្សាន្ត ខារ៉ាអូខេ រង្គសាល-ឌីស្កូតែក និងបៀរហ្កាឌិនសរុបមានចំនួន៩២៨អាជីវកម្ម ក្នុងនោះអាជីវកម្មខារ៉ាអូខេមានចំនួន៧៥៩អាជីវកម្ម រង្គសាល-ឌីស្កូតែកមានចំនួន៦៩អាជីវកម្ម អាជីវកម្មបៀរហ្កាឌិនមានចំនួន១០០អាជីវកម្ម។ ដោយឡែកអាជីវកម្មម៉ាស្សា-ស្ប៉ាសរុបមានចំនួន៤១៩អាជីវកម្ម ដែលស្មើនឹង៣,២២២គ្រែ។ ចំនួនបុគ្គលិកបម្រើការក្នុងអាជីវកម្មក្លឹបកម្សាន្ត ខារ៉ាអូខេ រង្គសាល-ឌីស្កូតែក និងបៀរហ្កាឌិនសរុបមានចំនួន២៤,១២៥នាក់ (ស្រី១៤,៦៤១នាក់)៕